(ភ្នំពេញ)៖ លោក ហេង កេសរោ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានីភ្នំពេញ កម្ពុជា នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសសាលក្រមលើសំណុំរឿងជួញដូរ និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនពីទីក្រុងឌូបៃ ដោយសម្រេចផ្តន្ទាទោស ស្រ្តីជនជាតិថៃម្នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងពិន័យទឹកប្រាក់ចំនួន១០លានរៀល។
សម្រាប់សំណុំរឿងមួយនេះ កម្លាំងសមត្ថកិច្ច បានដកហូតថ្នាំញៀនពីស្ត្រីជនជាតិថៃរូបនេះមានទំងន់២៥៩៤,៥៦ក្រាម ជាប្រភេទថ្នាំញៀន កាកូអ៊ីន ដាក់នៅក្នុងកំប៉ុងស្ករសូកូឡាចំនួន១៥កំប៉ុង។
មន្រ្តីតុលាការបានឲ្យដឹងថា ជនជាប់ចោទក្នុងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និងជួញដូរគ្រឿងញៀននេះឈ្មោះ KAEWKANLAYA AMPHAWAN ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ មានទីលំនៅផ្ទះលេខ១៤២ តំបន់នងចាន់ខាវ ខេត្តនគររាជសីម៉ា ប្រទេសថៃឡង់។
ស្រ្តីរូបនេះបាននាំគ្រឿងញៀនពីទីក្រុងឌូបៃ ប្រទេសអារ៉ាប់ បំណងនាំមកកាន់ប្រទេសថៃ តែពេលមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក៏ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួនតែម្តង៕