(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹង ស្រុកមុខកំពូល បានឧទ្ទេសនាម នូវលទ្ធផលរបស់ មហាសន្និបាតដោយបានគូសរំលេចនូវ ចំណុចគន្លឹះសំខាន់ៗមួយចំនួន ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តភាពដឹកនាំទៅមុខ នៅក្នុងការបោះឆ្នោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ទៀត និងជាឈ្នាន់សម្រាប់គណបក្ស ឆ្ពោះទៅកាន់ជ័យជម្នះ នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០១៨ ក៏ដូចជា ការបោះឆ្នោត លើកក្រោយៗបន្តទៀត។

លោក វង្សី វិស្សុត បានថ្លែងបែបនេះខណៈលោកចូលរួម ជាអធិបតីភាពក្នុងពិធីរំលឹកខួបអនុស្សាវរីយ៏លើកទី៣៨ នៃទិវាជ័យជម្នះ ៧មករា(៧.១.១៩៧៩-៧.១.២០១៧) នៅស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ ដោយមានការចូលរួមពី សំណាក់មន្រ្តី គណបក្សគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុក មុខកំពូល ព្រមទាំងអតីតមន្រ្តីកម្មាភិបាលដែលបានចូលនិវត្តន៍ផងដែរ។

អង្គពិធីទាំងមូល សូមចូលរួមជាមួយបងប្អូនប្រជាជនកម្ពុជាទូទាំងប្រទេស ដោយក្តីសោមនស្សរីករាយក្រៃលែង ប្រារព្វខួបអនុស្សាវរីយ៍ លើកទី៣៨ នៃទិវាជ័យជំនះដ៏រុងរឿង ជាមួយនឹងមោទនភាព ដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្តយ៉ាងច្រើន ដែលប្រជាជន យើងសម្រេច បាននៅក្នុងរយៈពេល៣៨ឆ្នាំកន្លងមក រួមទាំងសមិទ្ធផល លើគ្រប់វិស័យនៅក្នុងឆ្នាំ២០១៦ ដែលទើបតែកន្លងផុតថ្មីៗនេះ។

ជាមួយគ្នានោះដែរ លោក វង្សី វិស្សុត បានរំលឹកដល់ អង្គពិធីទាំងមូលសូមចង់ចាំមិនភ្លេចនូវទិវាជ័យជំនះ៧មករា ជាអមតៈ ហើយស្មារតីជ័យជម្នះ ៧មករា នឹងស្ថិត ស្ថេរ និងរស់រវើកជានិច្ច នៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងគ្រប់ជំនាន់ តទៅមុខទៀត។ អង្គពិធីក៏ សូមលំឱនកាយសង្រួមចិត្តគោរពវិញ្ញាណក្ខន្ធជនរួមជាតិជាង៣លាននាក់ ដែលបានបាត់បង់ជីវិត ទៅយ៉ាង អាណោចអាធម្ម និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយសូមឧទ្ទិសបួងសួង សូមឱ្យដួង វិញ្ញាណក្ខ័ន្ធរបស់ លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជារៀងដរាបទៅ។

ឆ្លងកាត់រយៈពេល៣៨ឆ្នាំមកនេះ ផ្តើមពីជ័យជំម្នះ៧មករាប្រទេសកម្ពុជា បាននិងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវស្របតាម បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនឹងនិន្នាការរួមក្នុងតំបន់ក៏ដូចជាពិភពលោក ទោះបីជាត្រូវជួបប្រទះនឹងភាព បត់បែនយ៉ាងច្រើនក្តី។ស្មារតី៧មករា គឺស្មារតីរបស់ប្រជាជាតិខ្មែរ ដោយពុំមានបែងចែកនិន្នាការនយោបាយ ណាមួយឡើយ ទាំងអ្នកបានឆ្លងកាត់ របបប្រល័យពូជសាសន៍ទាំងយុវជនជំនាន់ក្រោយ ដែលមិនបានឆ្លងកាត់ផ្ទាល់នូវរបបដ៏ឃោឃៅនេះ។ មានតែអ្នកចង់ឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើប្រាស់កម្ពុជា ដើម្បីសម្រេច គោលបំណងអាក្រក់របស់ខ្លួន ដោយពុំគិតដល់អាយុជីវិតរបស់ប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលប្រឆាំងនឹង ជ័យជម្នះ ៧មករា។៣៨ឆ្នាំមកនេះ គឺជា៣៨ឆ្នាំនៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ទៅមុខទៀត គ្មានឧបសគ្គ ណាអាចមករារាំងមិនឱ្យសម្រេចបំណងប្រថ្នារបស់យើងបានឡើយ ឱ្យតែប្រជាជាតិយើងមានការរួបរួមគ្នា ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបច្ចុប្បន្ន។

នៅក្នុងឱកាសនោះ លោក វង្សី វិស្សុត ក៏បានផ្សព្វផ្សាយនូវលទ្ធផលនៃមហាសន្និបាត គណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់មន្រ្តីគណបក្សនៅស្រុកមុខកំពូល។

លោក វង្សី វិស្សុត បានផ្តល់ជូននូវអំណោយជាថវិកា និងសម្ភារមួយចំនួន ជូនដល់អតីមន្រ្តីកម្មាភិបាល ដែលបាន ចូលនិវត្តន៍ និងមន្រ្តីគណបក្ស ដែលបានចូលរួមនៅក្នុងពិធីផងដែរ៕