(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបានប័ណ្ណសរសើរ ពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានបំពេញភារកិច្ចរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទួលបានលទ្ធផលល្អប្រសើរប្រចាំឆ្នាំ២០១៦ ពោលគឺកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បានច្រើនគួរឲ្យគត់សម្គាល់។
ការទទួលបណ្ណសរសើរពីសម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលត្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦។
របាយការណ៍គ្រោះថ្នាក់បានបង្ហាញថា ក្នុងឆ្នាំ២០១៦ ខេត្តសៀមរាប មានចំនួន៩៦ករណី មានការថយចុះចំនួន១៣ករណី, អ្នកស្លាប់ចំនួន៧៤នាក់ ឃើញថាមានការថយចុះចំនួន២៩នាក់, របួសធ្ងន់៧២នាក់ ថយចុះចំនួន២៣នាក់, របួសស្រាល៦៤នាក់ ថយចុះ៥១%។
ដើម្បីអនុវត្ត និងការធានាបាននូវសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងខេត្តសៀមរាប ឲ្យបានកាន់តែល្អប្រសើរទ្វេដង ស្របតាមអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប បានដាក់ចេញផែនការរឹតបណ្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលយប់តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងក្រុងសៀមរាប ដោយធ្វើការផ្អាកពិន័យ ទៅលើអ្នកបើកបរម៉ូតូ និងរថយន្តគ្រប់ប្រភេទ ដែលមិនមានលក្ខណ:បច្ចេកទេសគ្រប់គ្រាន់ នៅក្នុងការបើកបរ។ ដូចជាអ្នកបើកបរម៉ូតូ មិនបានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ចក់មើលក្រោយ ការត្រួតពិនិត្យចំពោះអ្នកបើកបរ ស្ថិតនៅក្រោមឥទ្ធិពល នៃជាតិស្រវឹង ក៏ដូចជាធ្វើការផ្អាកពិន័យ ទៅលើអ្នកបើកបររថយន្តគ្រប់ប្រភេទ។
ក្នុងនោះ សមត្ថកិច្ចក៏បានធ្វើការអំពាវនាវ ដល់អ្នកបើកបរទំាងអស់ ពេលបើកបរត្រូវគោរពច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងប្រុងប្រយ័ត្នជានិច្ចក្នុងការបើកបរ។ ដោយត្រូវបើកបរតាមល្បឿន ដែលច្បាប់បានកំណត់ និងត្រូវបន្ថយល្បឿឲ្យស្រប ទៅតាមស្ថានភាពផ្លូវ។ បើបើកបរ សូមកុំសេពជាតិស្រវឹង បើសេពជាតិស្រវឹង សូមកុំបើកបរ ហើយពេលបើកបរត្រូវមានសុជីវធម៌ និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ មុនពេលបត់ ឬ ឈប់ត្រូវផ្តល់សញ្ញាដល់អ្នកដទៃ។
ពេលបើកបរម៉ូតូ ត្រូវពាក់ម៉ួកសុវត្ថិភាព បំពាក់កញ្ចក់មើលក្រោយ ឲ្យបានត្រឹមត្រូវ និងពេលបើកបររថយន្ត ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និងមិនបើកបរស្ថិត នៅក្រោមឥទ្ធិពលនៃជាតិស្រវឹង ក៏ដូចជាសូមឲ្យបងប្អូនទំាងអស់គ្នា ចូលរួមគោរពច្បាប់ចរាចរណ៍ដូចជា៖ ការគោរពភ្លើងសញ្ញា គំនូសសញ្ញា និងស្លាកសញ្ញាផ្សេងៗ ដែលទាក់ទងនឹងច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ ព្រោះខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ ដែលមានភ្ញៀវជាតិ អន្តរជាតិជាច្រើនផងនោះ៕