មន្ទីរអប់រំខេត្តព្រៃវែង ចេញបំភ្លឺរឿង ប្រធានមន្ទីរអូសទាញបក្ខពួករបស់ខ្លួន ចូលកាន់តំណែងសំខាន់ៗ មុនចូលនិវត្តន៍
05-01-2017 15:47
(ភ្នំពេញ)៖ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែង នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានចេញបំភ្លឺបញ្ជាក់ថា ការតែងតាំងមន្រ្តី ក្នុងមន្ទីរអប់រំខេត្តនីមួយៗ គឺអនុវត្តតាមកំណែទម្រង់របស់ក្រសួងអប់រំ និងបានឆ្លងកាត់គណៈកម្មការវាយតម្លៃការងារបុគ្គលិកទាំងអស់ មិនជាប់ពាក់ព័ន្ធរឿងបក្ខពួក របស់ប្រធានមន្ទីរ លោក ហ៊ឹម សុផល នោះទេ។
នៅថ្ងៃម្សិលម៉ិញ អង្គភាព Fresh News បានទទួលលិខិតពាក្យបណ្ដឹងមួយច្បាប់ ដែលនិយាយអំពីការផ្ទេរតំណែងរបស់មន្រ្តីអប់រំមួយចំនួន មានភាពមិនប្រក្រតី ពោលគឺមន្រ្តីដែលត្រូវផ្ទេរតំណែងទាំងនោះ ភាគច្រើនជាបក្ខពួក និងកូនក្មួយរបស់ប្រធានមន្ទីរអប់រំខេត្តព្រៃវែង លោក ហ៊ឹម សុផល ដែលលោកបានចាត់ចែងតែងតាំង ឲ្យចូលកាន់តំណែងសុទ្ធតែកន្លែងសំខាន់ៗ ក្នុងមន្ទីរអប់រំខេត្ត។
នៅថ្ងៃទី០៥ ខែមករានេះ មន្ទីរអប់រំ ខេត្តព្រៃវែងផ្ទាល់ បានចេញសេចក្ដីបំភ្លឺវិញថា គ្មានភាពមិនប្រក្រតីកើតឡើង ដូចខាងលើនោះទេ ដោយមន្ទីរអប់រំខេត្តព្រៃវែង បានបញ្ជាក់ថា «រាល់ការផ្លាស់ប្ដូរទីកន្លែងបម្រើការងារ ឬការតែងតាំងមុខតំណែង តួនាទីតាមការិយាល័យ នីមួយៗ គឺមន្ទីរអនុវត្តសុទ្ធតែសមស្របទៅតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា»។
ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង៖