(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៧ រយះពេល២ថ្ងៃជាប់គ្នានេះ បានដឹកនាំក្រុមការងារ ចុះពិនិត្យសម្រង់ស្ថិតិ និងវាស់វែងជា ក់ស្ដែង តាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដោយស្ថាបនាប្រែក្លាយផ្លូវរថភ្លើង១ខ្សែ ឲ្យទៅជាផ្លូវបេតុង នៅពេលខាងមុខ ដើម្បីសម្រួលការកកស្ទះចរាចរណ៍ និងកែលម្អរសោភ័ណ្ឌភាព រាជធានីភ្នំពេញឲ្យកាន់តែប្រសើរឡើង ដែលមានទទឹង៣០ម៉ែត្រ១៥ម៉ែត្រ សងខាងគិតចេញពីអ័ក្ស និងមានប្រវែងជិត៥គីឡូម៉ែត្រ និងមានដាំបង្គោលភ្លើងបំភ្លឺផ្លូវ ចាប់ពីចំណុចផ្លូវជាតិលេខ៥ «ផ្លូវភ្លោះ» ដល់ផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
ពាក់ព័ន្ធការចុះសម្រង់ស្ថិតិ និងវាស់វែងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ទៅលើការអភិវឌ្ឍន៍ស្ថាបនា ប្រែក្លាយផ្លូវរថភ្លើង១ខ្សែ ឲ្យទៅជាផ្លូវបេតុងនេះ ក៏មានវត្តមានអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ និងអភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា ព្រមទាំងកម្លាំងចម្រុះ ចំណុះឲ្យសាលាខណ្ឌឫស្សីកែវ រួមមានអធិការខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ប្រធានការិយាល័យអន្តរវិស័យខណ្ឌ ប្រធានការយាល័យ សាធារណការខណ្ឌ អនុប្រធានការយាល័យ ដ.ន.ស.ភ ខណ្ឌ ប្រធាន និងអនុប្រធានសណ្ដាប់ធ្នាប់ខណ្ឌ ចៅសង្កាត់ និងមេភូមិផងដែរ ដើម្បីសហការធ្វើយ៉ាងណា ឲ្យភាពងាយស្រួល និងពន្លឿនការងារឲ្យកាន់តែឆាប់រហ័ស។
ក្នុងកិច្ចសហការនេះលោក ជា ពិសី បានថ្លែងបញ្ជាក់ថា ត្រូវអនុវត្តធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីឆ្លើយតបឲ្យទាន់សភាពការជូនបងប្អូន ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ក្នុងការស្ថាបនាផ្លូវ១ខ្សែនេះ ដោយមានអភិបាលរងខណ្ឌ២រូប ជាអ្នកទទួលខុសត្រូវបែងចែកការងារជា២ក្រុម ខណៈក្រុមទី១-ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក ប្រាជ្ញ សីហា ចាប់ពីពាក់កណ្ដាលសង្កាត់ប្ញស្សីកែវ ទៅដល់សង្កាត់ទួលសង្កែ និងក្រុមទី២-ស្ថិតក្រោមការដឹកនាំផ្ទាល់ពីលោក ស៊ូ សោគន្ធ ចាប់ពីពាក់កណ្ដាលសង្កាត់ប្ញស្សីកែវទៅ ដល់សង្កាត់គីឡូម៉ែតលេខ៦ ដើម្បីធ្វើការសម្របសម្រួល ដោះស្រាយផលប៉ះពាល់លើគម្រោងស្ថាបនាតាមគន្លងផ្លូវរថភ្លើង ចាប់ពីផ្លូវជាតិលេខ៥ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់ផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ក្នុងការអនុវត្តភារកិច្ច ផ្ទៀងផ្ទាត់ រកឲ្យឃើញថា ចំនួនពលរដ្ឋ ដែលទទួលរងនូវផលប៉ះពាល់មានចំនួនប៉ុន្មាន? ដើម្បីរាយ ការណ៍ជូនសាលារាជធានីភ្នំពេញពិនិត្យ និងបន្តដោះស្រាយគោលនយោបាយ។
លោកថា កន្លងមកផ្លូវដែកនេះ ត្រូវបានបោះបង់ចោលយូរហើយ ហើយបញ្ហាប្រឈមជាច្រើននៅ ក្នុងតំបន់នេះ គឺការចោលកាកសំណល់សំរាមពាសវាលពាសកាល ធ្វើឲ្យបាត់សោភ័ណ្ឌភាពនៅក្នុងតំបន់នេះ ហើយជាពិសេសបញ្ហាគ្រឿងញៀន បញ្ហាចោរកម្មផ្សេងៗត្រូវបានកាត់បន្ថយទាំងការកកស្ទះចរាចរណ៍ ក្រោយពីផ្លូវ១ខ្សែនេះត្រូវបាន ស្ថាបនារួចរាល់ជាស្ថាពរនៅពេលខាងមុខ ទាំងនេះក៏ព្រោះតែមានការយកចិតទុកដាក់ពីថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការអភិវឌ្ឍន៍ ប្រទេសជាតិ៕