(ព្រះសីហនុ)៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ។
កិច្ចប្រជុំបូកសរុបការងារ និងលើកទិសដៅបន្តខាងលើនេះ មានការចូលរួមពីស្នងការរង លោកអនុប្រធានសេនាធិការ អនុប្រធានការិយាល័យកណ្តាល នាយ-នាយរងការិយាល័យ ព្រមទាំងលោកអធិការ-អធិការរងក្រុង-ស្រុក និងនាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ-សង្កាត់ទាំង២៧ សរុបចំនួន១៤៥នាក់។
ក្នុងឱកាសនោះ កិច្ចប្រជុំបានលើកនូវចំណុចពិភាក្សាមួយចំនួន រួមមាន៖ ១.របាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៦, ២.ផ្សព្វផ្សាយប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋានរាជធានី-ខេត្ត, ៣.បទអន្តាគមន៍មួយចំនួន មានការងារគ្រប់គ្រងល្បែងស៊ីសង, ការងារអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក, ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន, ការងារបង្ក្រាបក្មេងទំនើងក្នុងមូលដ្ឋាន, ការងារបង្ក្រាបបទល្មើស។
កិច្ចប្រជុំក៏បានលើកជាមតិបូកសរុប និងដាក់វិធានការលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្ក្រាបល្បែងស៊ីសងផងដែរ៕