(សៀមរាប)៖ អំពើឃាតកម្មដែលបង្កឲ្យមានការតក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅទឹកដីក្រុងសៀមរាប ដែលឃាតកម្នាក់ ចូលទៅអារ-កសម្លាប់ជនរងគ្រោះ៣នាក់ ជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន់ បណ្ដាលឲ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានសមត្ថកិច្ចអះអាងថា មិនមែនជាករណីប្លន់នោះឡើយ ពោលវាជារឿងគំនុំរវាងឃាតក និងក្រុមជនរងគ្រោះ។
ក្រោយមានអំពើឃាតកម្មដែលបានកើតឡើង នៅយប់ឆ្លងឆ្នាំ ស្ថិតនៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ទើបមកដល់វេលាម៉ោង៦៖៣០នាទីល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ជនដៃដល់ ត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប សហការជាមួយកម្លាំងនគរបាលស្រុកជីក្រែង ចាប់ខ្លួននៅពេលជននេះ កំពុងជិះរថយន្ដតាក់ស៊ី ប្រុងបន្ដគេចខ្លួនឆ្ពោះទៅស្រុកកំណើត នៅឯស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក សាក់ ចំរើនរិទ្ធ អធិការរងទទួលផែនព្រហ្មទណ្ឌក្រុងសៀមរាប បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី៥ ខែមករានេះថា ជនដៃដល់មានឈ្មោះ ជា សុខជីន អាយុ២៣ឆ្នាំ។ លោកបន្ដថា ក្រោយពេលកើតហេតុកម្លាំងនគរបាលរបស់លោក ក្រោមការបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ត និងស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដេញប្រមាញ់ចាប់ជននេះ រហូតមកដល់រាជធានីភ្នំពេញ រួចបន្ដទៅកំពង់ឆ្នាំង ជាទឹកដីស្រុកកំណើត និងបន្ទាប់មក បន្ដដល់ទឹកដីខេត្តបន្ទាយមានជ័យ ហើយបន្ដគេចខ្លួនទៅស្រុកពូក ស្រុកក្រឡាញ់ និងចុងក្រោយដល់ស្រុកជីក្រែង ក៏ត្រូវស្ទាក់ចាប់បាននៅទីនោះ។
អធិការរងរូបនេះ បានបញ្ជាក់ថា មូលហេតុពិតប្រាកដនោះ ជារឿងគំនុំសុទ្ធសាធ ដោយផ្ដើមចេញមុនដំបូង ជនដៃដល់ និងជនរងគ្រោះបានស្គាល់គ្នាតាម Facebook រួចហើយជនរងគ្រោះបានប្រាប់ឲ្យចូលបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុន អាហារបំប៉ន់ដូចពួកគេ។ ពេលដែលជនដៃដល់យល់ព្រមចូលបម្រើការងារ ស្រាប់តែក្រុមជនរងគ្រោះបានប្រាប់ឲ្យរូបគេ បង់លុយចំនួន២,០០០ដុល្លារ តែជនដៃដល់មិនមាន ហើយក្រុមជនរងគ្រោះនៅបន្ដបង្ខំ ទោះទៅខ្ចីលុយគេ ឬសុំពីគ្រួសារ។ ការបង្ខំឲ្យបង់លុយបែបនេះ ធ្វើឲ្យជនដៃដល់ខឹងសម្បារដោយសារចាញ់បោក ទើបរៀបចំផែនការសម្លាប់ជនរងគ្រោះតែម្ដង។
យ៉ាងណាក៏ដោយ អធិការរងរូបនេះបានអះអាងថា ជនដៃដល់ប្រព្រឹត្តតែម្នាក់ឯងប៉ុណ្ណោះ មិនមានបក្ខពួកផ្សេងទៀតនោះឡើយ។
លោកស្នងការរងខេត្តសៀមរាប លោក ភឿង ចិន្តារ៉េត បានបញ្ជាក់ថា ប្រតិបត្តិការតាមចាប់ខ្លួន ជនជាឃាតកនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អដែលបានជួយរាយការណ៍ពីករណីនេះ។
លោកស្នងការរងបានបន្តថា កម្លាំងជំនាញ និងកម្លាំងអធិការក្រុងបានបែងចែកកម្លាំងពិសេសជា៣ក្រុម ដោយមួយក្រុមសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ, ក្រុមមួយទៀតសហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវនៅកំពង់ឆ្នាំង និងមួយក្រុមទៀតស្រាវជ្រាវ នៅខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅ ស្រុកជីក្រែង។ ជាមួយគ្នានេះលោក ភឿន ចិន្តារ៉េត ក៏សូមថ្លែងអំណរគុណដល់កម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលប្រតិបត្តិការ រហូតតាមចាប់ជនដៃដល់រូបនេះបាន។
លោកអធិការរងបានបន្តថា ជនសង្ស័យបានយកកាំបិតទៅចោលនៅក្នុងទឹកស្ទឹងប្រោះ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយត្រូវបានកម្លាំងនគរបាលនាំខ្លួនទៅរកនៅទីនោះ ព្រមទាំងដកហូតទូរស័ព្ទមួយគ្រឿងផងដែរ។
សូមបញ្ជាក់ថា មនុស្ស៣នាក់ ត្រូវបានឃាតកចិត្តឆៅចូលអារ-ក ប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួល បណ្តាលឲ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍ឃាតកម្មដល់សាហាវនេះភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះ បណ្ដាលឲ្យជនរងគ្រោះ២នាក់ដេកស្លាប់ ក្នុងថ្លុងឈាម ដែលទី១៖ ឃុន សុយិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ទី២៖ ឈ្មោះ វេត រដ្ផា ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី៣៖ ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ២នាក់ជាប្ដីប្រពន្ធនឹងគ្នា៕
ឃាតកចិត្តឆៅ ដែលចូលអារ-ក ប្លន់សម្លាប់ជនរងគ្រោះ៣នាក់