(ស៊ីអាន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និង លោក ហ៊ូ ហេពីង អភិបាលខេត្តសានស៊ី ប្រទេសចិន នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានជួបពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍ រវាងប្រទេសទាំងពីរ។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងកិច្ចពិភាក្សានោះ ក៏បានផ្តោតសំខាន់លើការដាក់ឲ្យដំណើរការមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីរបស់កម្ពុជា នៅទីក្រុងស៊ីអាន ខេត្តសានស៊ី និងការពង្រីកទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យបាន ៥,០០០លានដុល្លារនៅត្រឹមឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់អភិបាលខេត្តសានស៊ី និងរដ្ឋាភិបាលប្រទេសចិន ដែលបានជួយគាំទ្រដល់ការបើកមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់កម្ពុជា ហើយលោកជឿថាមជ្ឈមណ្ឌលនេះ នឹងជួយជំរុញការនាំចេញផលិតផលកម្ពុជាកាន់តែច្រើន ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនទៅទស្សនាប្រទេសកម្ពុជា។

គួររំលឹកដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន មកកម្ពុជាកាលពីឆ្នាំ២០១៦ រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ចំនួពីរលើវិស័យពាណិជ្ជកម្ម។ អនុស្សារណៈទី១ គ្របដណ្តប់លើការប្តេជ្ញាចិត្តរបស់ចិនក្នុងការទិញអង្ករកម្ពុជាចំនួន ២សែនតោន សម្រាប់ឆ្នាំ២០១៥ និង២០១៦ ហើយអនុស្សារណៈទី២ គ្របដណ្តប់លើភាពអនុគ្រោះពន្ធគយចំនួន ៩៧ភាគរយ សម្រាប់ទំនិញកសិកម្មកម្ពុជាចំនួន ១ម៉ឺនប្រភេទ ដែលត្រូវនាំចេញទៅកាន់ប្រទេសចិន៕