(កណ្តាល)៖ ផ្លូវមួយខ្សែដែលចំណាយថវិកា លើការជួសជុល រហូតទៅដល់ជាង២៣ម៉ឺនដុល្លារ ត្រូវបានស្ថាបនានាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ ជាកាដូឆ្នាំថ្មីសម្រាប់ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅជាង១០ភូមិ ក្នុងឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។
ការទទួលបានផ្លូវដើម្បីបំបាត់ភាពវេទនាក្នុងការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋ ខាងលើនេះ បានកើតមានឡើង នៅក្នុងវេទិកាសាធារណៈមួយ នៅពេលនោះ ប្រជាពលរដ្ឋ បានត្អូញត្អែរពីផ្លូវមួយខ្សែប្រវែង៧០០០ម៉ែត្រ ទទឹងផ្លូវ១៥ម៉ែត្រ ចាប់ពីភូមិព្រៃរកា ទល់និងភូមិកណ្តាល ពិបាកធ្វើដំណើរយ៉ាងខ្លាំង។
បន្ទាប់ពីស្តាប់បានការត្អូញត្អែររបស់រាស្រ្តរួចម កថ្នាក់ដឹកនាំចុះជួយស្រុកអង្គស្នួល រួមមាន៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកអង្គស្នួល រួមសហការលោកបណ្ឌិត រស់ វណ្ណា ប្រធានគណៈពង្រឹងមូលដ្ឋានស្រុកអង្គស្នួល លោកបណ្ឌិត ម៉ៅ ភិរុន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ ស៊ូ គឹមស៊ុន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈពង្រឹងឃុំឆក់ឈើនាង លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង បានសម្រេចជួសជុលផ្លូវមួយខ្សែតែម្តងជូនពួកគាត់ ដោយចាក់ក្រាលគ្រួសក្រហម។
លោក នឹម នីរ៉ាដេត អភិបាលស្រុកអង្គស្នួល បានលើកឡើងថា «តាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងវេទិការសាធារណៈថ្នាក់ជាតិ ធ្វើឡើងនៅវត្តប្រសាទមានជ័យ ក្នុងឃុំឆក់ឈើនាង កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ ដោយកាលណោះមានប្រជាពលរដ្ឋបានលើកដោយស្នើសុំឲ្យមានការជួសជុល រួមកសាងប្រពន្ធ័លូរបង្ហូរទឹក រំដោះទឹកខាងលើ។ ពួកគាត់បានត្អូញថា ពិបាកក្នុងការធ្វើដំណើរ (តូចចង្អៀត) ជាពិសេសរាល់រដូវវស្សាទឹកកាត់ផ្លូវ និងខូចខាតជាអន្លើ ដោយសារតែខ្វះប្រព័ន្ធលូរបង្ហូរទឹក មិនតែប៉ុណ្ណោះធ្វើឲ្យជនលិចភូមិរបស់ពួកគាត់ផងដែរ»។
លោកអភិបាលស្រុក បានបន្តទៀតថា ដោយមើលឃើញពីភាពចាំបាច់តាមការលើកឡើងបែបនេះ ក្រុមការងារចុះជួយស្រុកអង្គស្នួល បានផ្តួចផ្តើម និងការរៃថវិកាផ្ទាល់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការចាំបាច់ របស់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការជួយពីក្រុមការងារ។
លោកបានបញ្ជាក់ថា «ដោយសារតែមានការសាមគ្គីភាពគ្នានេះ ទើបបងប្អូនប្រជាពលរដ្ឋក្នុងឃុំខាងលើ បានទទួលបាននូវសមិទ្ធិផលជាផ្លូវមួយខ្សែ ដែលត្រូវចំណាយរហូតជាង២៣ម៉ឺនដុល្លារ នៅពេលនេះ ហើយផ្លូវនេះបម្រើឲ្យប្រជាពលរដ្ឋជាង១០ភូមិ រួមទាំងអ្នកធ្វើដំណើជាច្រើនក្នុងមូលដ្ឋានជាច្រើនទៀតផងនោះដែរ៕