(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានថ្លែងថា ថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅតែបន្តដក់ជាប់ក្នុងដួងចិត្តរបស់លោក ក៏ដូចជាកូនខ្មែរដទៃទៀត។ ឧកញ៉ា ទ្រី ភាព ថា បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ គ្មានឡើយការរស់រានឡើងវិញនូវជីវិត និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា ហើយក៏មិនបានឃើញកម្ពុជារីកចម្រើនជាថ្មីនោះឡើយ។
ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងដូច្នេះក្នុងពេលដែលរូបលោកអញ្ជើញប្រារព្វពិធីរំលឹកខួបលកើទី ៣៨ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៧) នៅទីស្នាក់ ការគណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងស្រុកកណ្តាលស្ទឹង និងប្រជាពលរដ្ឋសរុបប្រមាណ ១,៧០០នាក់។
៧ មករា ១៩៧៩ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលកងកម្លាំងតស៊ូរបស់ពលរដ្ឋខ្មែរ ក្រោមការដឹកនាំរបស់ប្រមុខដឹកនាំគណបក្ស ប្រជាជនកម្ពុជា សម្តេច ជា ស៊ីម សម្តេច ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានវាយប្តួលរំលំរបបខ្មែរក្រហម ដែលជារបបកាប់សម្លាប់ពលរដ្ឋខ្មែរយ៉ាងរង្គាល។
ក្រោយការវាយផ្តួលរំលំរបបនេះហើយ វាជាឱកាសថ្មីសម្រាប់ប្រជាពលរដ្ឋទទួលបានសិទ្ធិសេរីភាព សិទ្ធិរស់រៀនមានជីវិត និងការប្រកប របរចិញ្ចឹមជីវិត។ ៧ មករា ១៩៧៩ ក៏ជាការផ្តល់នូវឱកាសថ្មីដល់ប្រទេសកម្ពុជា មានការរើកសាង និង អភិវឌ្ឍន៍ឡើងវិញរហូតមានការរីកចម្រើនដូចពេលបច្ចុប្បន្ន។
ឧកញ៉ាបណ្ឌិត ទ្រី ភាព បានថ្លែងថា ស្មារតីថ្ងៃ ៧ មករា នេះ នៅស្ថិតស្ថេរក្នុងបេះដូងកូនខ្មែរទាំងបច្ចុប្បន្ន និងអនគាត។ លោកឧកញ៉ា គូសបញ្ជាក់ដូច្នេះ «ស្មារតី៧មករា នៅស្ថិតស្ថេរជានិច្ច ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ទាំងក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ដែលនាំឲ្យយើងឈានទៅរកជ័យជម្នះ និងការអភិវឌ្ឍន៍ឥតឈប់ឈរ។ គុណបំណាច់ដ៏ធំធេងនេះ ប្រជាជនកម្ពុជាចងចាំជានិច្ច និង មិនអាចបំភ្លេចបានឡើយថ្ងៃ៧ មករា គឺជាថ្ងៃកំណើតទី២ ដែលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាអាចរស់រានមានជីវិត និងមានសេរីភាពដូចបច្ចុប្បន្ន»។
ឧកញ៉ា ទ្រី ភាព ក៏បានលើកឡើងផងដែរថា ព្រោះតែថ្ងៃ ៧ មករា និងការដឹកនាំ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ទើបលោកដែលជាកូនអ្នកឡើងត្នោត មានជីវភាពក្រក្សត់មានឱកាសប្រកបរបរ រកស៊ីចិញ្ចឹមជីវិតរីកចម្រើនដូចពេលបច្ចុប្បន្ន៕