(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៉ិល កុសល អភិបាលខណ្ឌ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បានបញ្ចេញកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរាប់សិបនាក់ ដើម្បីចុះបង្ក្រាបគ្រឿងញៀន លក្ខណៈទ្រង់ទ្រាយធំតាមមូលដ្ឋាន តមតាមយុទ្ធនាការថ្នាក់ជាតិ លើការបង្ក្រាបបញ្ហាចាក់ស្រេះសង្គមមួយនេះ ដែលមានរយៈពេល៦ខែ។
តាំងពីដើមខែមករា រហូតមកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ ជនល្មើសពាក់ព័ន្ធគ្រឿងរហូតដល់៥៩នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងទឹកខណ្ឌសែនសុខ ភាគច្រើនត្រូវចាប់ខ្លួននៅប្លុកបឹងឈូក និងមុខមន្ទីរពេទ្យលោកសង្ឃ ដែលទីតាំងបង្កប់ទៅដោយ ការលាក់ខ្លួនរបស់ជនល្មើសខ្មៅងងឹតទាំងនេះ។
ភ្នាក់ងារ Fresh News ប្រចាំខណ្ឌសែនសុខ លោក ជួន សុជាតិ បានរាយការណ៍ថា នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ម៉ក់ ហុង អធិការខណ្ឌ និងលោក ប៉ែន សុភក្រ្ត មេបញ្ជាការរងអាវុធហត្ថខណ្ឌ នាំកម្លាំងបន្តប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅក្នុងទីតាំងល្បែងស៊ីសងមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតទូហ្គេមចំនួន១៣គ្រឿង។
លោក សក់ កញ្ញារិទ្ធ បានបញ្ជាក់ថា «យើងនឹងបន្តការងារនេះ រហូតដល់បញ្ហាគ្រឿងញៀន ត្រូវបានលុបបំបាត់នៅក្នុងទឹកដីខណ្ឌសែនសុខ របស់យើង ហើយសូមឲ្យប្រជាពលរដ្ឋ មូលដ្ឋានជួយសហការជាមួយ ដើម្បីចាប់ជនល្មើសទាំងនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕