(ប្រទេសថៃ)៖ ពលករខ្មែរ២៤នាក់ នាំគ្នាចូលលួចកាប់ឈើក្រញូង នៅក្នុងឧទ្យានជាតិថៃ តម្លៃជាង១លានបាត តែត្រូវក្រុមទាហានថៃ និងអង្គភាពជំនាញថៃ ឃាត់ខ្លួនបានម្នាក់ នៅយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ។
យោងតាមមន្ដ្រីថៃ ដែលផ្ដល់ព័ត៌មានមកមន្ដ្រីនគរបាលកម្ពុជាជាប់ព្រំដែន បញ្ជាក់ថា ជនជាតិខ្មែរម្នាក់ ក្នុងចំណោមបក្ខពួកទាំង២៤នាក់ ត្រូវបានទាហានថៃ និងអង្គភាពជំនាញធ្វើការឃាត់ខ្លួន រួមជាមួយនឹងឈើគ្រញូងប្រែរូប ដែលមានតម្លៃប្រមាណជាង១លានបាត ខណៈដែលជនជាតិខ្មែររូបនេះ បានលបចូលទៅក្នុងឧទ្យានជាតិ ដែលជាតំបន់ហាមឃាត់ ដើម្បីធ្វើសកម្មភាពជញ្ជូនឈើគ្រញូង ទាំងនោះចេញពីព្រៃ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងដោយ កម្លាំងជំនាញ សហការជាមួយកម្លាំងយោធាបានធ្វើការឡោមព័ទ្ធព្រៃឧទ្យាន ដែលនៅនឹងជាយ ភូមិឡាំភឿក ស្ថិតក្នុងភូមិ១ ឃុំឡាំភឿក ស្រុកខនបុរី ខេត្តណាក់ខនរ៉ាចសីមា ប្រទេសថៃ ដោយក្នុងនោះបានប្រទះឃើញមនុស្សប្រមាណ ជាង២០នាក់ ដែលកំពុងធ្វើសកម្មភាពស្ពាយ និងជញ្ជូនដុំឈើគ្រញូងចេញពីព្រៃ ទើបកម្លាំងបានសម្រុកឡោមព័ទ្ធដើម្បីឃាត់ខ្លួនប៉ុន្តែដោយសារតែយប់ងងឹតផងនោះទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានតែម្នាក់ដែលជាជនជាតិខ្មែរឈ្មោះ ផេង ធួន អាយុ២៥ឆ្នាំ
រួមជាមួយនឹងឈើគ្រញូង ដែលបានកែច្នៃជាដុំៗ ហើយស្រេចចំនួន២៨ដុំ បើគិតជាទឹកប្រាក់សរុបប្រហែលជាង១ លានបាត។
ក្រោយឃាត់ខ្លួនជនសង្ស័យរូបនោះ បានសារភាពថា ខ្លួននឹងបក្ខពួកចំនួន២៤នាក់ បានចូលមកក្នុងទឹកដីថៃ តាមខ្សែបន្ទាត់ព្រំដែន ក្នុងខេត្តស្រះកែវ តាំងពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ មកម៉្លេះ ហើយក៏បានចូលមកសំងំនៅក្នុងឧទ្យានជាតិនេះ រង់ចាំឱកាសល្អទើបចាប់ផ្តើម កាត់ឈើដើម្បីនាំចេញទៅឲ្យឈ្មួញ តែក៏ត្រូវក្រុមអង្គភាពជំនាញឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញនាំយកទៅកាន់ស្នាក់ការ ដើម្បីធ្វើការសាកសួរបន្ត និងស្រាវជ្រាវរកអ្នកដែលនៅពីក្រោយខ្នង ដោយឡែកឈើគ្រញូងទាំងអស់ ក៏ត្រូវបានបញ្ជូនទៅរក្សាទុក នៅទីតាំងមេព្រៃជាបណ្តោះអាសន្នដើម្បីចាត់ចែងតាមផ្លូវច្បាប់៕