(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម បានថ្លែងឲ្យដឹងថា ក្នុងកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧នេះ ពុំមានការបាញ់កាំភ្លើង ឬបន្ទុះគ្រាប់អ្វីនោះឡើយ។

ថ្លែងក្នុងពេលអញ្ជើញក្រុងពាលីរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រនាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការមិនបាញ់កាំភ្លើង និងបន្ទុះគ្រាប់នេះ ដោយសារមជ្ឈ មណ្ឌលកោះពេជ្រជាទីកន្លែងសាធារណៈ។ លោកបន្តថា សូម្បីតែរថពាសដែក ដែលបំពាក់អាវុធ ក៏តម្រូវឲ្យដកអាវុធចេញផងដែរ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យមហាជនទាំងអស់មេត្តាយោគយល់ និងអធ្យាស្រ័យចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ។ លោកបន្តថា ការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីអបអរទិវាជាតិ ៧ មករា និងបង្កើនផ្សារភ្ជាប់រវាងមហាជន និងកងទ័ព។

លោក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទាំងកងកម្លាំងប្រដាប់អាវុធ និងមហាជនចូលរួមគាំទ្រឲ្យបានច្រើនកុះករ និងជួយឧត្ថម្ភថវិកាគាំទ្រដល់សកម្មភាពរបស់អតីតយុទ្ធជន។

សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយ ដែលត្រូវបានរៀប ចំឡើងក្នុងគោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា។

ព្រឹត្តិការណ៍នេះ នឹងបង្ហាញសាធារណជន និងមហាជន ឲ្យបានយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀត បង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយកងទ័ព។

សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនេះ នឹងចាប់ផ្តើមចាប់ពីថ្ងៃទី០៦-០៨ ខែមករា ឆ្នាំ២០១៧នេះ។ ព្រឹត្តិការណ៍ នឹងមានការបង្ហាញពីយុទ្ធវិធីមួយចំនួនរបស់កងទ័ពនៅលើសមរភូមិ ហើយក៏មានបង្ហាញពីការចល័តកងទ័ព និងយុទ្ធភ័ណ្ឌទំនើបៗមួយ ចំនួនផងដែរ៕