(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត បានឲ្យដឹងថា នៅព្រឹកស្អែកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ ក្នុងជំនាន់ ប៉ុល ពត នៅមជ្ឈមណ្ឌលប្រល័យ ពូជសាសន៍ជើងឯក។

លោក ស សុខា បញ្ជាក់នៅលើ Facebook របស់លោក នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧នេះថា ​«ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងខ្ញុំមានការសោកស្ដាយជា​ពន់​ពេក ដែលកម្ពុជាបានជួប​នឹងរបបវាលពិឃាតចន្លោះឆ្នាំ១៩៧៥ ដល់​១៩៧៩ ហើយពិធីនាព្រឹកថ្ងៃស្អែក នៅជើងឯកនេះ គឺជាការគោរព​វិញ្ញាណ​ក្ខន្ធ ជា​ការ​សោក​ស្ដាយពីយុវជនជំនាន់ក្រោយ ជាការរំលឹក​ និង​ចង​ចាំ​មិន​ភ្លេច​នូវ​របប​យង់ឃ្នង និងចងចាំ​ដើម​ហេតុ​ដែល​នាំ​ឲ្យ ​កើតរបប​បែប​នេះ​ដែរ»

លោកបន្ថែមថា ​​យុវជន​សូមប្រកាសចិត្តចងចាំដឹងគុណដល់​យុវជន​ជំនាន់​មុន​ ដែល​បាន​សាមគ្គីគ្នា​វាយ​រំដោះ​សង្គ្រោះ​ប្រជាជន​ពី​ក្រ​ញ៉ាំ​បី​សាច​​នេះ​ បាន​រហូតថ្កុំថ្កើងដល់សព្វថ្ងៃ​ ដូច្នេះ​សូម​អញ្ជើញ​បង​ប្អូន​ជន​រួម​ជាតិ យុវជន​ចូលរួមពិធីជាមួយ ស.ស.យ.ក កុំបីខាន។

ជាមួយគ្នានោះ លោក ស សុខា បានរំលឹកថា «កាលណោះ (ពេលកើតសង្គ្រាម) ធនធានមនុស្ស ទាំងវ័យចាស់ វ័យកណ្ដាល យុវជន និង​កុមារ របស់​កម្ពុជា ត្រូវបាត់បង់ស្ទើរគ្មានសោះ​ ហេដ្ឋារចនាសម្ព័ន្ធ វត្ត​អារ៉ាម សាលារៀន មន្ទីរពេទ្យ អគារផ្សេងៗរងការខូចខាត និង​ក្លាយ​ជា​គុក ក្លាយជាឃ្លាំង ដោយអាចនិយាយថា ជាវាសនារបស់កម្ពុជាក៏បាន ប៉ុន្តែគឺសុទ្ធតែកើត​ចេញ​ពី​គំនិត និង​អំពើ​របស់​មនុស្ស។ នាឆ្នាំ១៩៧០ មាន​រដ្ឋ​ប្រ​ហារ​ទំលាក់​សម្ដេច​តា ដែលនាំឲ្យសង្គ្រាមស៊ីវិលឥតឈប់ រហូត​ដល់​១៩​៧៥ ក្រុមមេដឹកនាំ ប៉ុល ពត ដណ្ដើមកាន់កាប់បាន កម្ពុជាកាន់តែធ្លាក់ខ្លួនធ្ងន់មែនទែន»

លោក ក៏បានឲ្យដឹងដែរថា រហូត​មកដល់ថ្ងៃ៧ ខែមករា ឆ្នាំ​១៧៩៧ ទើបរំដោះបានវិញ តែ​សង្គ្រាម​ស៊ីវិល​នៅតែអូសបន្លាយ រហូត១៩៩៧-៩៨ ទើបបញ្ចប់​ក្រោម​នយោបាយ​ឈ្នះ-ឈ្នះ​របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគ្រានោះ ឃើញថា​រដ្ឋា​ភិ​បាល​​​ប្រើដៃម្ខាងស្ដារប្រទេសផង ដៃម្ខាងការពារ​កុំឲ្យ​របប​វាល​ពិឃាត​ត្រឡប់មកវិញផង​ ហើយក្នុងនាមជាអ្នកជំនាន់ក្រោយ មិនចង់ឃើញ សង្គ្រាម មិនចង់​ឃើញ​ការ​បំបែក​បាក់​ញុះញង់ផ្ទៃក្នុងពីសំណាក់ក្រុមណាមួយ ឫពីប្រទេស​ណាមួយ​ជា​ដាច់​ខាត។

លោកសង្កត់ធ្ងន់ថា ​«យុវជនរួមគ្នាជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាព ទប់​ស្កាត់​​មិន​ឲ្យ​សង្គ្រាម ​និង​របប​បែប ប៉ុល ពត វិលត្រឡប់មក វិញឡើយ។ យុវជន ជឿជាក់លើកម្ពុជា !!!!»៕