(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងនៅមុខក្រុមអ្នកសារព័ត៌មានឲ្យដឹងថា ការចល័តទ័ព ការចល័តគ្រឿងចក្រ មុនព្រឹត្តិការណ៍ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ មិនមែនជារូបភាពគម្រាមកំហែងប្រជាពលរដ្ឋឡើយ។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងក្រោយពីមានការរិះគន់ពីសាធារណជនមួយចំនួន លើការចល័តទ័ពនិងសព្វាវុធរបស់កងទ័ពកម្ពុជា ដែលជូនដំណឹងដោយសាលារាជធានីភ្នំពេញ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាក់ថា «ការរៀបចំកីឡាយោធានេះ មិនមែនរូបភាពជាការគម្រាមកំហែងទេការ ចល័តទ័ព ការចល័តគ្រឿងចក្រ ដែលសាលាក្រុងបានជូនដំណឹងនេះ គឺជាការចាំបាច់ និងជាច្បាប់ មុននឹងចល័តគ្រឿងចក្រនៅក្នុងក្រុង គឺយើងបានសុំសញ្ចាប័នពីអគ្គបញ្ជាការ ហើយជូនដំណឹងទៅអាជ្ញាធរពាក់ព័ន្ធ ពួកយើងមិនអាចចល័តគ្រឿងចក្រយោធានៅក្នុងក្រុងដោយគ្មានការជូនដំណឹងនោះទេ ហើយសាលាក្រុងក៏មានកាតព្វកិច្ចជូនដំណឹងដល់ប្រជាពលរដ្ឋកុំឲ្យមានការភ្ញាក់ផ្អើល។ នេះដើម្បីសវុត្ថិភាព និងអារម្មណ៍របស់ប្រជាពលរដ្ឋ»។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានប្រាប់ឲ្យដឹងថា ខណៈលោកអញ្ជើញក្រុងពាលី ដើម្បីរៀបចំការប្រកួតកីឡា កងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
បន្ថែមពីការថ្លែងខាងលើឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានឲ្យដឹងថា «ការដាក់តាំងពិព័ណ៍ សព្វាវុធ និងសំភារៈរបស់យើង នាពេលនេះ មិនមែនជាការគម្រាមកំហែងទេ ទី១ កងកម្លាំងប្រដាប់អាវុធរបស់យើង និងសូម្បីតែបងប្អូនដែលគាត់រិះគន់កងទ័ព ប្រដាប់អាវុធក៏បានទទួលផលអំពីអ្វីដែលកងកម្លាំងប្រដាប់អាវុធ បាននឹងកំពងបំពេញភារកិច្ចប្រចាំថ្ងៃនេះ សុខសន្តិភាព និងសន្តិសុខ ហេតុអ្វីបានជាយើងមិនមានភរវកម្មផ្ទុះ នៅក្នុងប្រទេសយើង ដូចបណ្តាប្រទេសដទៃទៀត គឺដោយសារកងម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចរបស់យើងជួយការពារ ហេតុអ្វីបានជាប្រជាជនមានទុក្ខលំបាក មានគ្រោះមហន្តរាយ កម្លាំងបានចូលរួមជួយជាច្រើន នេះជាអ្វីដែលយើងចង់បង្ហាញ និងមើលឲ្យបានច្រើនជ្រុងអំពីអ្វីដែលកងកម្លាំងប្រដាប់អាវុធ កងនគរបាលជាតិ កងរាជអាវុធហត្ថដែល បានធ្វើ ដើម្បីការពារជាតិ សុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកដែលលើកពីកងម្លាំងប្រដាប់អាវុធធ្វើបាបប្រជាពលរដ្ឋ»។
ទាក់ទងនឹងការចល័តទ័ព និងសព្វាវុធនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ ថានៅវេលាម៉ោង ២រំលងអាធ្រាត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ មានការដឹកជញ្ជូនសម្ភារយោធភណ្ឌមួយចំនួន របស់កងយោធពល ខេមរភូមិន្ទ កាត់តាមរាជធានីភ្នំពេញ ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
គួរបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នឹងត្រូវរៀបចំឡើង ចាប់ពីថ្ងៃទី០៦ ដល់០៨ ខែមករា ឆ្នាំ២០១៧។ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និងប្រមូលមូលនិធិដើម្បីគាំទ្រសកម្មភាព សមាគម អតីតយុទ្ធជនកម្ពុជា។ លើសពីនេះព្រឹត្តិការណ៍នេះនឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀតបង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព៕