(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សូមផ្ញើសាររំលែកទុក្ខជូនចំពោះលោកស្រី កែវ ស្រង៉ាត់-យូ ដែលគ្រួសាររបស់លោកស្រី គឺលោកសាស្រ្តាចារ្យ យូ គឹមយាន ទីប្រឹក្សារាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទទួលមរណភាពកាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងលិខិតរំលែកទុក្ខយ៉ាងដូច្នេះថា៖ «នេះជាការបាត់បង់ដ៏គួរឲ្យសោកស្តាយ មិនត្រឹមតែសំរាប់គ្រួសារលោកជំទាវតែប៉ុណ្ណោះទេ តែជាការបាត់បង់របស់មាតុប្រទេសកម្ពុជាទាំងមូល ដោយសារលោកសាស្រ្តាចារ្យ គឺជាប្រភពបណ្តុះបណ្តាលធនធានមនុស្ស និងជាអ្នកដែលស្រោចស្រង់ជីវិតមនុស្សបានយ៉ាងច្រើន នៅក្នុងជីវិតរស់នៅរបស់លោក»៕