គ.ជ.ប កំពុងសហការជាមួយសមត្ថកិច្ច ក្នុងការស្វែងរកអ្នកចូលទៅ Hack គេហទំព័រ «voterlist.org.kh» (Video inside)
05-01-2017 11:28
(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហើបថា គេហទំព័រគ.ជ.ប «voterlist.org.kh» ត្រូវបានក្រុម Hacker នៅក្រៅប្រទេសចូលលុកលុយ ប៉ុន្តែបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ហើយ មិនប៉ះពាល់អ្វីនោះទេ។
លោក ហង្ស ពុទ្ធា បាននិយាយយ៉ាងដូច្នេះថា «យើងសង្កេតឃើញថា មានសញ្ញានៃការចូល Hack មានន័យថា មាន Hacker។ ដោយការHack នេះឯង គ្រាន់តែបើកមកមានជាង១លាននាក់ចូលមើលធ្វើឱ្យគាំង ប៉ុន្តែឥឡូវយើងបានដោះស្រាយរួចហើយ»។
លោកបានថ្លែងថាពេលនេះ គ.ជ.ប កំពុងតែសហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកអ្នកព្យាយាមចូលទៅបំផ្លាញ គេហទំព័រ គ.ជ.បនោះ។ លោកថ្លែងថា៖ «យើងកំពុងសហការជាមួយសមត្ថកិច្ច ក្នុងការតាមរកហើយ ប៉ុន្តែរឿងនេះយើងទុកឱ្យសមត្ថកិច្ចធ្វើការ»។
លោក ហង្ស ពុទ្ធា បានលើកឡែងបែបនេះ ប្រាប់ក្រុមអ្នកសារព័ត៌មាន ខណៈលោក បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ជាមួយភាគីពាក់ព័ន្ធនានា នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
អ្នកនាំពាក្យគ.ជ.ប មិនទាន់កំណត់អំពីមូលហេតុនៃការចូល Hack នេះច្បាស់លាស់នៅឡើយទេ ប៉ុន្តែលោកសន្និដ្ឋានជំហានដំបូងថា ក្រុមទាំងនោះមានចេតនាធ្វើឱ្យរំខាន ដល់ដំណើរការរៀបចំការបោះឆ្នោត នៅកម្ពុជា។ លោកថា «យើងមានការសោកស្តាយដែរ ប៉ុន្តែលោកមិនដឹងថា ក្រុមទាំងនោះមានបំណងអ្វីនោះទេ»។
ទោះជាយ៉ាង លោកបញ្ជាក់ថា គ.ជ.ប មានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងការរៀបចំឯកសារដើមទុកនៅដោយឡែក ហើយពេលនេះមានអ្នកជំនាញការជប៉ុន នៅចាំជួយគ.ជ.ប ក្នុងការទប់ស្កាត់បញ្ហានេះ។
សូមបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ គ.ជ.ប បានចាប់ផ្តើមបិទបញ្ជីឈ្មោះសម្រាប់ អ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ នៅតាមមូលដ្ឋាន និងនៅលើគេហទំព័រ គ.ជ.ប «voterlist.org.kh» ប៉ុន្តែបញ្ជីឈ្មោះនៅលើគេហទំព័រ បានជាប់គាំង ដែលធ្វើឱ្យពលរដ្ឋភាគច្រើន មិនអាចបើកចូលមើលបាន។ ប៉ុន្តែពេលនេះ គ.ជ.ប អះអាងថា ពួកគេអាចចូលមើលជាធម្មតាវិញហើយ៕