(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឧដុង្គ បានថ្លែងឲ្យដឹងថា «អតីតកាលដ៏ជូរចត់ តើកាលពីមុននៅក្នុងពេលនេះ ប្រជាជនស្រុកឧដុង្គ ក៏ដូចនៅក្នុងខេត្តកំពង់ស្ពឺ ឬក្នុងខេត្តដទៃទៀតក្តី មានស្ថានភាពបែបណាកាលពីរយៈពេល៣៥ឆ្នាំមុន។ ពិតណាស់ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ មានតំបន់មួយចំនួនប្រជាជនបានរំដោះ ប៉ុន្តែក៏មានប្រជាជនមួយចំនួនទៀតកំពុងទទួលរងនូវការលំបាក និងសង្គ្រាម ជាក់ស្តែងខេត្តកំពង់ស្ពឺយើងគឺសមភូមិចុងក្រោយផងដែរ»។
លោកបណ្ឌិត អ៊ុក កោសាបានបន្ថែមឲ្យដឹងថា «ការរំលឹកឡើងវិញនេះបានបង្ហាញឱ្យយើងឃើញថា ស្រមោលអតីតកាលដ៏ជូរចត់មួយនេះបានបំផ្លិចបំផ្លាញប្រជាពលរដ្ឋរបស់យើងឱ្យព្រាត់ប្រាសនិរាសរហូតមកដល់សព្វថ្ងៃនេះ មិនមានក្រុមគ្រួសារណាមួយដែលមិនបានបាត់បង់សមាជិកគ្រួសារខ្លួននោះទេ។ ការនិយាយអំពីគុណបំណាច់៧មករានេះ គឺមិនមែនមានន័យសំដៅឱ្យយើងគោរពគណបក្សប្រជាជនតែឯងនោះទេ ហើយឱ្យយើងគោរពនិងដឹងគុណចំពោះរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាអ្វីដែលយើងមានបំណងនិយាយគឺ៧មករា ជារបស់រួម ជារបស់ជាតិទាំងមូល មិនបានចាត់ទុកអ្នកណាជាសត្រូវក្រៅតែពីរបបប្រល័យពូជសាសន៍ប៉ុល ពតនោះឡើយ»។
លោកបណ្ឌិត អ៊ុក កោសា ទីប្រឹក្សាសម្តេចពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកឧដុង្គ បានលើកឡើងបែបនេះ ខណៈលោក បានចូលរួមនៅក្នុងពិធីប្រារព្ធរំលឹកខួបលើកទី ៣៨(ថ្ងៃ៧មករា ១០៧៩ ថ្ងៃ៧មករា ២០១៧) នៅថ្ងៃទី ០៥ខែមករា ឆ្នាំ២០១៧ នៅសាលាស្រុកឧដុង្គ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក នួន ផារត្ន័ អនុប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ និងជាតំណាង លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ រួមទាំងមន្ត្រីរាជការ ក្រុមការងារបក្សប្រជាជនប្រមាណ ៧០០នាក់។
នៅក្នុងឱកាសនោះ លោក នួន ផារត្ន័ បានលើកឡើងថា «៧មករា ១៩៧៩ គឺជារបស់រួម គឺជាបុណ្យជាតិ ទាំងមូលហើយ ៧មករា មិនបានចាត់ទុកអ្នកណាជាសត្រូវក្រៅតែពីរបបប្រល័យពូជសាសន៍ប៉ុល ពត នោះឡើយ»។
លោក នួន ផារត្ន័ បានបន្តថា ក្នុងខួបលើកទី៣៨ ទិវាជ័យជំនះ៧មករា ជាថ្ងៃរំដោះជាតិ រំដោះម្តាយ ឪពុក បងប្អូនយើងដែល យើងជាកូន ចៅត្រូវទទួលស្គាល់គុណ ទាំងទ្វេរដែល មិនអាចបំភ្លេចបាននោះឡើយ ។
សូមរំលឹកថា ការដួលរលំយ៉ាងឆាប់រហ័សនៃរបបប្រល័យពូជសាសន៍ប៉ុល ពត មិនមែនគ្រាន់តែការចាប់ផ្តើមដោយការវាយលុករបស់កងទ័ពរណសិរ្សសាមគ្គីជាតិសង្គ្រោះជាតិកម្ពុជា ឬក៏ការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមនោះទេ ។ អ្វីដែលធំ ជាងនេះទៅទៀត គឺការចូលរួមរបស់ប្រជាជនកម្ពុជាតែម្តង ទើបមានថ្ងៃ៧ មករាដែលគណបក្សប្រជាជនតស៊ូ ការពារ ថែរក្សា ទុកសម្រាប់ការរំលឹកគុណដល់ វរអតីតយុទ្ធជនដែលបានបូជាសាច់ស្រស់ ឈាមស្រស់ជូនជាតិមាតុភូមិនៃយើង៕