(ភ្នំពេញ)៖ កញ្ញា ទូច មុំ គឺជាមន្ត្រីនគរបាលចរាចរណ៍ ដែលឋានន្តរស័ក្តិថ្នាក់ ព្រិន្ទបាលទោ កំពុងបម្រើការងារ នៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយកញ្ញាទើបទទួលបាន ប័ណ្ណសរសេរពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នាពេលថ្មីៗនេះ។
ការទទួលបានប័ណ្ណសរសើររបស់ កញ្ញាព្រិន្ទបាលទោ ទូច មុំ នេះបន្ទាប់ពីកញ្ញា បានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តន៍ច្បាប់ចរាចរណ៍តាមគោលដៅ ដងផ្លូវហើយត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយជនល្មើសច្បាប់ចរាចរណ៍ និងរងនូវការជេរប្រមាថផងដែរ។
មន្ត្រីការិយាល័យនគរបាលចរាចរណ៍ ខេត្តសៀមរាបបានឲ្យដឹងថា កញ្ញាព្រិន្ទបាលទោ ទូច មុំ មន្ត្រីនគរបាល បានខិតខំបំពេញបេសកម្មការងារ ជួបគ្រោះថ្នាក់ចរាចរណ៍ និងជាការលើកទឹកចិត្ត ពីសំណាក់ថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានធ្វើសំណើរសុំបណ្ណសរសើរ ដល់កញ្ញាព្រិន្ទបាលទោ ទូច មុំ ហើយប័ណ្ណសរសើរនោះក៏បានទទួល ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ក្នុងឱកាសប្រជុំបូកសរុបលទ្ធផល ត្រួតពិនិត្យការអនុវត្តនច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧។
មន្ត្រីដដែលបញ្ជាក់ថា កញ្ញាព្រិន្ទបាលទោ ទូច មុំ បានចូលបម្រើការងារក្នុងក្របខណ្ឌ នគរបាលនៅឆ្នាំ២០១៥ ហើយកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កញ្ញាបានចុះប្រតិបត្តិការអនុវត្តន៍ចរាចរណ៍ តាមគោលដៅរបស់ខ្លួន ដោយបានឃាត់យានយន្តល្មើស ក៏ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ រួមទាំងទទួលរងនូវការប្រមាថជេរស្តី ប៉ុន្តែជនល្មើស ក៏ត្រូវបានសមត្ថកិច្ច រៀបចំនីតិវិធីបញ្ជូនទៅតុលាការផងដែរ។
ដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរ និងការផ្តាច់ជីវិតប្រជាពលរដ្ឋកម្ពុជា ដោយឃាតកលាក់មុខលើដងវិថី ទាំងរាជរដ្ឋាភិបាលកម្ពុជា អង្គការជាតិ អន្តរជាតិជាដៃគូ បានធ្វើការរួមគ្នាយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឲ្យអត្រា នៃការស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា កុមារកំព្រា និងជនពិការ ដោយសារគ្រោះថ្នាក់ចរាចរណ៍ធ្លាក់កាន់តែទាប។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង និងដោយក្តីព្រួយបារម្ភពីសុវត្ថិភាពចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ចាប់ផ្តើមយុទ្ធនាការចូលរួមផ្សព្វផ្សាយ បើកវគ្គបណ្តុះបណ្តាល ជាបន្តបន្ទាប់នៅតាម បណ្តាមន្ទីរ ស្ថាប័ននានា ស្តីពី «កត្តាហានិភ័យលើការមិន ពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង និងការបើកត្រូវចេះយោគយល់គ្នា»។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកផ្សព្វផ្សាយ បានច្រើនថែមទៀត ដល់យុវជន សិស្សានុសិស្ស ពីការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ័ បណ្តាលមកពីការបើកបរក្រោមឥទ្ធិពល នៃជាតិស្រវឹង និងការបើកបរមិនពាក់មួយសុវត្ថិភាព។
ករណីគ្រោះថ្នាក់ចរាចរណ៍ ក្នុងខេត្តសៀមរាបឆ្នាំ២០១៦ ធៀបនឹងឆ្នាំ២០១៥ របស់លោកវរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យនគរបាលចរាចរណ៍ តំណាងលោកវរសេនីយ៍ឯក តេង ចាន់ណាត ស្នងការរងទទួលផែនចរាចរណ៍ បានបង្ហាញថា ក្នុងឆ្នាំ២០១៦ ខេត្តសៀមរាប មានចំនួន៩៦ករណី មានការថយចុះចំនួន១៣ករណី, អ្នកស្លាប់ចំនួន៧៤នាក់ ឃើញថាមានការថយចុះចំនួន២៩នាក់, របួសធ្ងន់៧២នាក់ ថយចុះចំនួន២៣នាក់, របួសស្រាល៦៤នាក់ ថយចុះ៥១%៕