(ភ្នំពេញ)៖ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា តាមគម្រោងគ.ជ.ប នឹងធ្វើការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ នៅចុងខែមករានេះ ដើម្បីដាក់ឱ្យប្រើប្រាស់ឲ្យទាន់តាមប្រតិទិននៃការបោះឆ្នោត។
លោក ទេព នីថា បន្តថាបន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ គណៈលេខាធិការដ្ឋានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងធ្វើការបូកសរុបជាថ្មី ដើម្បីលើកចម្ងល់ជូនគ.ជ.បពិនិត្យ និងសម្រេចជាផ្លូវការ ហើយ គ.ជ.ប នឹងចាប់ផ្តើមការងាររបស់ខ្លួនបន្តទៀតក្នុងការសំរិតសំរាំងលើសេចក្ដីព្រាងបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ឲ្យបានល្អបន្ថែមទៀត មុននឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានថ្លែងបែបនេះ ខណៈលោក បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ លើសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ជាមួយភាគីពាក់ព័ន្ធនានា នៅភោជនីយដ្ឋានទន្លេបាសាក់២ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ។
លោក ទេព នីថា បានបន្ថែមទៀតថា «យើងរំពឹងថា សិក្ខាសាលានេះ នឹងទទួលបានជោគជ័យ និងមានអនុសាសន៍ថ្មីបន្ថែមទៀត ដើម្បីរៀបចំបទបញ្ជានេះ ឲ្យបានល្អនិងត្រឹមត្រូវតាមច្បាប់ និងស្របតាមសភាពការណ៍បច្ចុប្បន្ន និងមានភាពច្បាស់លាស់ងាយស្រួលក្នុងការអនុវត្ត»។
លោក ទេព នីថា បានបញ្ជាក់ទៀតថា ការរៀបចំសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧នេះ ប្រើពេលយូរនៅ គ.ជ.ប ហើយការពិគ្រោះជាមួយភាគីពាក់ព័ន្ធ មិនគ្រប់គ្រាន់ ទោះយ៉ាងណាក៏ដោយ គ.ជ.ប បានធ្វើការពិគ្រោះយោបល់ ក្នុងរូបភាពនិងរយៈពេលសមស្របមួយ និងទទួលបានលទ្ធផលជាវិជ្ជមាន។
គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ គ.ជ.ប មន្រ្តីអគ្គលេខាធិការដ្ឋាន គ.ជ.ប តំណាងគណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល ស្ថានទូតជំនាញការជប៉ុន ជំនាញការសហភាពអឺរ៉ុប សរុបជាង៣០០នាក់៕