(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអញ្ជើញក្រុងពាលី ដើម្បីរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។
ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី០៦ ដល់ ០៨ ខែមករា ឆ្នាំ២០១៧។ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយ ដែលត្រូវបានរៀបចំឡើងក្នុង គោលបំណងសំខាន់ៗ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩ - ៧ មករា ២០១៧ និងប្រមូលមូលនិធិ ដើម្បីគាំទ្រសកម្មភាពសមាគម អតីតយុទ្ធជនកម្ពុជា។
លើសពីនេះ ព្រឹត្តិការណ៍នេះនឹងបង្ហាញដល់សាធារណជន និងមហាជន ស្វែងយល់ និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ព ក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។ បន្ថែមពីនេះទៀតបង្កលក្ខណៈឱ្យមហាជនចូលរួមកាន់ តែជិតស្និទ្ធជាមួយនឹងកងទ័ព។
ខាងក្រោមនេះ ជាកម្មវិធីសកម្មភាពហាត់សម និងការរៀបចំរបស់គណៈកម្មការរៀបចំ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧៖
១៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨៖០០នាទីព្រឹក ពិធីក្រុងពិលីក្នុងការរៀបចំការប្រកួត កីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧
២៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥៖០០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តីនិងការតាំងពិព័រណ៌។
៣៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តីនិងការតាំងពិព័រណ៌។
៤៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦៖០០នាទីព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម។
៥៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តីនិងការតាំងពិព័រណ៌៕