(ភ្នំពេញ)៖ ក្រុមហ៊ុន Shanghai Construction Group បានប្តេជ្ញានៅចំពោះមុខលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថា ខ្លួននឹងខិតខំសាងសង់ផ្លូវនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀតចៀសវាងនូវពាក្យនិន្ទារិះគន់នានា។
ការប្តេជ្ញានេះ បានធ្វើឡើងក្នុងពេលដែលលោក Tang Jun អគ្គនាយកទទួលបន្ទុកផ្នែកកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន Shanghai Construction Group ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧។
ក្នុងជំនួបនោះ លោក Tang បានសម្តែងក្តីរីករាយ ដែលក្រុមហ៊ុនលោកមានសមត្ថភាពបំពេញការងារលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា។ លោក Tang បានជម្រាបលោកទេសរដ្ឋមន្រ្តី អំពីសកម្មភាពថ្មីៗ របស់ក្រុមហ៊ុន និងបានសម្តែងការប្តេជ្ញាចិត្តថ្មី ក្នុងការបន្តធ្វើឱ្យប្រសើរឡើងដល់ការសាងសង់ផ្លូវថ្នល់នៅកម្ពុជា ក្រោមការត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រសួងសាធារ ណការ និងដឹកជញ្ជូន។
លោកទេសរដ្ឋមន្រ្តី បានទទួលស្គាល់ការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យប្រសើរឡើងដល់គុណភាពផ្លូវថ្នល់ និងបានស្នើឱ្យក្រុមហ៊ុន បន្តសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងលើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់កម្ពុជា។
ការសាងសង់ផ្លូវថ្នល់នៅកម្ពុជាពីសំណាក់ក្រុមហ៊ុនចិន តែងទទួលរងការរិះគន់ថា មិនសូវជាមានគុណភាពល្អ ពោលក្រោយបញ្ចប់ការ សាងសង់មិនបានប៉ុន្មាន ក៏រងការខូចខាតទៅវិញ។ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅឆ្នាំ២០១៦កន្លងទៅធ្លាប់បានស្តីបន្ទោសធ្ងន់ ដល់ក្រុមហ៊ុនចិនទទួលសាងសង់ផ្លូវជាតិលេខ៥ បន្ទាប់ពីពិនិត្យឃើញក្រុមហ៊ុននេះ បានសាងសង់ផ្លូវមិនត្រូវទៅតាមស្តង់ដារបច្ចេក ទេសឲ្យបានត្រឹមត្រូវ។
លោក ស៊ុន ចាន់ថុល បានជំរុញក្រុមហ៊ុននោះសាងសង់ផ្លូវឲ្យបានល្អប្រសើរ ព្រោះការសាងសង់ផ្លូវមិនល្អប្រសើរនេះ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុននោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរាជរដ្ឋាភិបាលកម្ពុជា និងប៉ះពាល់ដល់កិត្តិនាមរបស់រដ្ឋា ភិបាលចិនផងដែរ។
ពាក់ព័ន្ធផ្លូវនេះដែរ តែងមានការប្រៀបធៀបគ្នាថា ការសាងសង់ផ្លូវពីសំណាក់ក្រុមហ៊ុនជប៉ុន មានគុណភាពល្អប្រសើរជាក្រុមហ៊ុនរបស់ចិន តែមានការលួចបង្ហើបប្រាប់ពីមន្រ្តីក្រសួងសាធារណការថា មូលហេតុដែលគុណភាពផ្លូវជប៉ុនជាប់ល្អ ជាងគុណភាពផ្លូវសាងសង់ដោយក្រុមហ៊ុនចិន ព្រោះតម្លៃផ្លូវរបស់ក្រុមហ៊ុនជប៉ុនថ្លៃជាង ផ្លូវដែលសាងសង់ដោយក្រុមហ៊ុនជប៉ុន។
មន្រ្តីបង្ហើបទៀតថា ដើម្បីដោះស្រាយបញ្ហាផ្លូវសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋរាជរដ្ឋាភិបាលត្រូវតែអនុញ្ញាតឲ្យក្រុមហ៊ុនចិនសាង សង់ក្នុងតម្លៃសមរម្យ ធ្វើយ៉ាងណាឲ្យមានផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរសិន ហើយពេលមានថវិកាច្រើនទើបបន្ថែមកម្រិតគុណភាពពី DBST ទៅជា AC។ មន្រ្តីបន្តថា ប្រសិនបើចង់សាងសង់ផ្លូវមានគុណភាពខ្ពស់តែម្តង គឺមិនមានលុយសាងសង់នោះឡើយ៕