(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ នៃការនាំចេញអង្កររបស់កម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ឆ្នាំ២០១៦ ដែលទើបតែកន្លងផុតទៅថ្មីៗនេះ ប្រទេសកម្ពុជា បាននាំចេញអង្ករចំនួនជាងកន្លះលានតោន ទៅកាន់ទីផ្សារអន្តរជាតិ ក្នុងនោះប្រទេសចិនឈរ លំដាប់លេខ១ ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ជិត១៣ម៉ឺនតោន។
របាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា បានចេញអង្ករបានចំនួន ៥៤២,១៤៤តោន កើនឡើងត្រឹមតែ ០.៧ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន ៥៣៨,៣៩៦តោន។
បើតាមរបាយការណ៍ក្នុង ចំណោមប្រទេសទាំង៦៦ ដែលនាំចូលអង្ករពីកម្ពុជា មានប្រទេសចិនឈរលើលំដាប់លេខ១ ដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ ១២៧,៤៦០តោន ខណៈឆ្នាំ២០១៧នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀងផ្តល់កូតានាំចេញចំនួន២០ម៉ឺនតោន។
យ៉ាងណាក៏ដោយបើទោះបី ប្រទេសចិនជាទីផ្សារដ៏មានសក្តានុពលយ៉ាងក្តី ប៉ុន្តែគេនៅមិនភ្លេចទីផ្សារដ៏ធំ និងសំខាន់បំផុតរបស់កម្ពុជា គឺសហគមន៍អឺរ៉ុបឡើយ។ នៅឆ្នាំ២០១៦ ប្រទេសចំនួន២៥នៅតំបន់អឺរ៉ុប បាននាំចូលអង្ករពីកម្ពុជា ចំនួន៣៤១,០៦៦តោន ក្នុងនោះប្រទេសបារាំងនាំមុខគេ នាំចូលបានជិត៨ម៉ឺនតោន។
នៅឆ្នាំ២០១៦នេះ អង្កររបស់កម្ពុជា បានជាប់លេខ២ បានជាប់ជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក ឆ្នាំ២០១៦ ខណៈម្ចាស់ជយលាភីលេខ១ បានទៅម្ចាស់ផ្ទះថៃ។
កម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុត ដំបូងបំផុតនៅឆ្នាំ ២០១២ ដែលគេរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ហើយជាប់លេខ១ ពីរឆ្នាំបន្តបន្ទាប់គឺ ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និង ឆ្នាំ២០១៤ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ (The World Rice Conference) នៅក្នុងខែវិច្ឆិកាដូចគ្នានេះ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្ករ កាលពីឆ្នាំ២០១១ ដើម្បីជំរុញកម្ពុជានាំចេញអង្ករបាន១លានតោនក្នុងឆ្នាំ២០១៥ ។ បើទោះបីជាការនាំចេញអង្ករមិនសម្រេចបាន១លានតោនក្តី ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជា បានកើនឡើងជាលំដាប់៕