(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧នេះ បានសម្រេចបន្តលើកពេល បើកសវនាការសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទៅខែកុម្ភៈឆ្នាំ២០១៧វិញ។ សំណុំរឿងនេះ គឺ លោក ហុង សុខហួរ បានប្តឹងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោកឱ្យជាប់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។
មន្រ្តីតុលាការបានឱ្យដឹងថា ការសម្រេចពន្យារពេលនេះ បានធ្វើឡើងបន្ទាប់ពីមេធាវីរបស់ លោក ហុង សុខហួរ បានដាក់ពាក្យសុំពន្យារ ហើយមិនបានចូលខ្លួនក្នុងសវនាការនៅព្រឹកថ្ងៃទី០៥ ខែមករានេះ ដោយហេតុថា មេធាវី ចង់ឱ្យមានអ្នកជំនាញផ្នែកសន្ធិសញ្ញា ចូលរួមក្នុងសវនាការ និងទាមទារឱ្យសាលាឧទ្ធរណ៍ភ្ជាប់អ៊ីនធើណិតដើម្បីស្វែងរកភស្តុតាងដោះបន្ទុក។ ប៉ុន្តែទោះជាយ៉ាងណា លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ ដែលជាចៅក្រមជំនុំជម្រះ យល់ឃើញថាមូលហេតុរបស់ មេធាវីមិនសមហេតុផលទេ ប៉ុន្តែដោយសារតែ សំណុំរឿងជាបទឧក្រិដ្ឋទាមទារឱ្យមានមេធាវី នៅក្នុងសវនាការ ដូច្នេះហើយបានជាចៅក្រម សម្រេចលើកពេលទៅខែកុម្ភៈតែម្តង។
សូមជំរាបថា លោក ហុងសុខហួរ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី។
សម្រាប់សំណុំរឿងនេះ តុលាការក៏បានកាត់ទោស លោក សម រង្ស៊ី ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ និងជំនួយការរបស់លោក ២នាក់ទៀត ឱ្យជាប់ពន្ធនាគារ៥ឆ្នាំ ប៉ុន្តែអនុវត្តទោសតែ៣ឆ្នាំ ផងដែរ៕