(ប៉ៃលិន)៖ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន បានថ្លែងឲ្យភ្នាក់ងារ Fresh News ថា ពេញមួយឆ្នាំ២០១៦ សាខាកាំកុងត្រូលខេត្តប៉ៃលិន បានដកហូតទំនិញខូចគុណភាព និងទំនិញផុតកំណត់ប្រើប្រាស់ ជាង២តោន ថែមទាំងបានដុតកម្ទិចចោលអស់ ជិត៣តោន។
លោក សាន វិជ្ជាសារ៉ាវុធ បានឲ្យដឹងថា ក្នុងឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្ត បានចុះត្រួតពិនិត្យ និងការបង្ក្រាបទំនិញផលិតផលមុខម្ហូបក្លែងបន្លំ ដែលតាំងលក់នៅតាមទីផ្សារ និងគេហដ្ឋានបានចំនួន ២០លើក និងបានដកហូតទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ សរុបចំនួន «២,៤៧២គីឡូក្រាម»។
ការត្រួតពិនិត្យការនាំចូល ដើម្បីអនុវត្តតួនាទីភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ និងយូរអង្វែង សាខាកាំកុងត្រូលបានធ្វើសកម្មភាពត្រួតពិនិត្យ លើផលិតផលម្ហូបអាហារនាំចូលទាំងនៅមាត់ច្រក និងឃ្លាំងស្តុក ផ្អែកលើគុណភាព សុវត្ថិភាពឱ្យមានលក្ខណៈសមស្រប សម្រាប់ការប្រើប្រាស់។ ក្នុងឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្ដប៉ៃលិន បានយកគំរូផលិតផលម្ហូបអាហារគុណភាពខ្ពស់ មករក្សាទុកនៅទីស្នាក់ការកាំកុងត្រូល ចំនួន ៦០មុខ។
លោកប្រធានកាំកុងត្រូលបានបន្តថា សាខាកាំកុងត្រូលខេត្ដប៉ៃលិន បានធ្វើការដុតកម្ទេចចោលផលិតផលម្ហូប អាហារខូចគុណភាពបានចំនួន ៤លើក សរុបចំនួន «២,៨០៤គីឡូក្រាម»។
សាខាកាំកុងត្រូល ក៏បានចុះធ្វើបទបង្ហាញតាមសាលារៀន ស្តីពីគុណភាព សុវត្ថិភាពម្ហូបអាហារបាន១លើក ដែលមានសិស្សានុសិស្សចូលរួម ៧០០នាក់ ដោយលោកបានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវកឈ្មួញទាំងអស់ ត្រូវគិតគូរបញ្ហាសុខភាពជាធំ មិនមែនថវិកាមាសប្រាក់ធំជាងឡើយ។ ជាក់ស្តែងមន្ត្រីចម្រុះបានធ្វើការណែនាំ និងពន្យល់ដល់អាជីវកដែលបានដាក់តាំងលក់មុខទំនិញទាំងអស់ និងធ្វើលិខិតសន្យា បញ្ឈប់លួចលាក់មុខទំនិញណាគ្មានគុណភាព និងផុតថ្ងៃបរិច្ឆេទដាក់លក់ដូរជាដាច់ខាត់។
សូមរំលឹកថា ក្នុងដំណាក់កាលដែលលោក សាន វិជ្ជាសារ៉ាវុធ មកកាន់តំណែង ជាប្រធានសាខាកាំកុងត្រូលខេត្តប៉ៃលិន រយៈពេលជិត២ឆ្នាំ កន្លងមក បានបង្ហាញឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីខេត្ត យល់ដឹងកាន់តែច្បាស់អំពីតួនាទី និងភារកិច្ចរបស់មន្រ្តីជំនាញ ក្នុងការការពារថែរក្សាសុខមាលភាព ជូនប្រជាពលរដ្ឋ និងទទួលបានការគាំទ្រយ៉ាងផុលផុស ពីប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករទូទាំងខេត្តប៉ៃលិន ក្នុងការទទួលទានម្ហូបអាហារ ដែលមានគុណភាព និងសុវត្ថិភាពសម្រាប់ពួកគាត់៕