(ភ្នំពេញ)៖ គណៈកម្មាការរៀបចំ ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ សូមថ្លែងអំពាវនាវសារជាថ្មីដល់មហាជនចូលរួមបរិច្ចាគ គាំទ្រអតីតយុទ្ធជន គាំទ្រសកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា ដែលព្រឹត្តការណ៍ដ៏ធំមួយនេះនឹងរៀបចំដំណើរការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧នេះ។

គណៈកម្មាការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា «សូមទូលថ្វាយ គោរព ជម្រាបជូនដល់ជនរួមជាតិសាធារណជន និងមហាជនឱ្យបានជ្រាបថា ក្នុងកំឡុងពេលព្រឹត្តិការណ៍ការនៃការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ឆ្នាំ២០១៧ ដើម្បីអបអរសាទរទិវាបុណ្យជាតិ ៧ មករា ២០១៧ និងប្រមូលមូលនិធិគាំទ្រ សកម្មភាពសមាគមអតីតយុទ្ធជនកម្ពុជា គណៈកម្មាការបានរៀបចំក្រុមការងារទទួលថវិកាឧបត្ថម្ភ និងអំណោយពីសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី យាយ តា ពូ មីង យុវជន យុវនារី សិស្សានុសិស្ស និងមហាជន»

អាស្រ័យដូចបាន ទូលថ្វាយគោរពជម្រាបជូនខាងលើ សូមសម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី យាយ តា ពូ មីង យុវជន យុវនារី សិស្សានុសិស្ស មេត្តាទំនាក់ទំនងមកក្រុមការងារ ដែលមានទីតាំងទទួលថវិកា និងអំណោយនៅទីក្រុងកោះពេជ្រឬ ទំនាក់ទំនងមកលេខទូរស័ព្ទ៖ 011 500 706 / 070 680 777 និង 012 978 062។

សូមបញ្ជាក់ថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ (ការប្រកួតកីឡាកងទ័ព) គឺជាព្រឹត្តិការណ៍ធំមួយដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ៖ រំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិ ៧ មករា ១៩៧៩-៧ មករា ២០១៧ និងប្រមូល​មូលនិធិដើម្បីគាំទ្រ​សកម្មភាព​សមាគមអតីតយុទ្ធជនកម្ពុជា។ លើសពីនេះព្រឹត្តិការណ៍នេះនឹងបង្ហាញដល់សាធារណជន និងមហាជនស្វែងយល់និងយល់ដឹងបន្ថែមទៀតអំពីតួនាទី និងភារកិច្ចរបស់កងទ័ពក្នុងការចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ​ប្រទេសជាតិ។ បន្ថែមពីនេះទៀតបង្កលក្ខណៈឱ្យមហាជនចូលរួមកាន់តែជិតស្និទ្ធជាមួយនឹងកងទ័ព។ ជាមួយគ្នានេះសូមឲ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ​ចូលរួមយ៉ាង​ច្រើនកោះករ នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

ខាងក្រោមនេះ ជាព័ត៌មានលម្អិតនៃការរៀបចំកម្មវិធី៖

ទី១៖ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៨៖០០នាទីព្រឹក ពិធីក្រុងពិលីក្នុងការរៀបចំកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ទី២៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖០០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ ទី៣៖ ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌ ទី៤៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៦៖០០នាទីព្រឹក កម្មវិធីកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ ជាផ្លូវការចាប់ផ្តើម ទី៥៖ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច កម្មវិធីប្រគុំតន្រ្តី និងការតាំងពិព័រណ៌៕