(ពោធិ៍សាត់)៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតក្នុងថ្លុកទឹក ដែលគេសង្ស័យថាមកពីស្រវឹងដើរធ្លាក់លង់ស្លាប់។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀល ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវទៅវត្តអូរសោម ស្ថិតក្នុងភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្រវឹងដើរធ្លាក់ថ្លុកទឹកលង់ស្លាប់នោះ មានឈ្មោះ រុន សល់ អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ ដោយប្រកបមុខរបរមិនពិតប្រាកដ។
លោកអធិការបន្តថា សាកសពជនរងគ្រោះ មានពាក់អាវយឺតដៃវែងព័ណ៌ខ្មៅលាយក្រហម និងខោយឺតខ្លី ហើយបើតាមការសន្និដ្ឋានជំហានដំបូង សាកសពជនរងគ្រោះអាចស្លាប់ដោយសារផឹកស្រាស្រវឹង រួចដើរធ្លាក់ចូលថ្លុកទឹក លង់ស្លាប់តែម្តង ដែលមិនមែនជាករណីឃាតកម្មនោះឡើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕