(ក្រចេះ)៖ លោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានប្រតិបត្តិ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព និងក្រុមការងារ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បានចុះជួបសំណេះសំណាលជាមួយពលរដ្ឋជាជនជាតិភាគតិចព្នង និងសិស្សានុសិស្សជាង២០០នាក់ នៅសាលាបឋមសិក្សា ចំលងទេរ ស្ថិតក្នុងស្រុកចិត្របុរី។
ក្នុងនោះក៏មានការចូលរួមពី លោក គង់ ចំរុង អនុប្រធានប្រតិបត្តិ លោក អ៊ីវ ចាន់សេរី ប្រធាន សាខាស.យ.ស.ស ខេត្តក្រចេះ។
ឆ្លើយតបទៅនឹងសំណូមពរ របស់លោកមេភូមិ ក្រុមសម័្ពន្ធយុវជនស្រលាញ់សន្ដិភាព បានសំរេចបើកវគ្គសិក្សាភាសាអង់គ្លេស ជូនសិស្ស និងបងប្អូនជនជាតិព្នង ដោយបញ្ជូនគ្រូភាសាអង់គ្លេស ចំនួន៤នាក់ ទៅបង្រៀនដល់មូលដ្ឋានផ្ទាល់ដោយមិនគិតថ្លៃ និងក៏បានឧបត្ថម្ភឲ្យកសាង អាស្រម អ្នកតាឃ្លាំងមឿង តាមជំនឿបងប្អូនជនជាតិព្នងផងដែរ។
បន្ថែមពីនេះ ក្រុមការងារ ក៏បានឧបត្ថម្ភ សំលៀកបំពាក់សិក្សាចំនួន៧០កំប្លេរ ជូនដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សាចំលងទេរ និងរៀបចំអាហារសាមគ្គី តាមប្រពៃណីជនជាតិព្នង ដែលបង្ហាញពីគោលនយោបាយអភិវឌ្ឍន៌ និងការអប់រំ ទោះជានៅតាមតំបន់ដាច់ស្រយ៉ាលយ៉ាងណាក្ដី នាគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា។
ក្នុងនោះក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានចំណាយទាំងស្រុងលើប្រាក់បៀវត្សសម្រាប់គ្រូទាំង៤នាក់ និងរៀបចំឲ្យមានការប្រលងប្រចាំត្រីមាស និងជូនរង្វាន់លើកទឹកចិត្តផងដែរ ដែលនេះជាការរួមចំណែកអភិវឌ្ឍន៍ក្នុងវិស័យអប៎រំក្នុងមូលដ្ឋាន ភូមិស្រែនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ និងចុងក្រោយបានរៀបចំពិធីជាផ្លូវការជូននូវ តុសិក្សាចំនួន៧៥តុ ដែលជាអំណោយរបស់សប្បុរសជនតាមរយៈ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ជូនដល់សាលាបឋមសិក្សា សាលាចំលង សាលាទេរចំលង និងសាលាអន្លង់កេសផងដែរ៕