(ភ្នំពេញ)៖ ក្រោមយុទ្ធនាការ «ចែករំលែកក្តីស្រលាញ់ជាមួយ ក្រវិលកំប៉ុងរបស់អ្នក» ក្រុមហ៊ុនស្រាបៀរលីអូ គិតត្រឹមថ្ងៃទី០៤​ ខែមករានេះ បានធ្វើជើងសិប្បនិម្មិត ជូនដល់ជនពិការប្រមាណ១០០នាក់ហើយ ចាប់ផ្ដើមធ្វើពីថ្ងៃទី២ ខែមករាមក។

ជនពិការដែលទទួលបានជើងសប្បនិម្មិតនេះ គឺមកពីតាមបណ្តាស្រុកមួយចំនួន ដូចជាស្រុកកណ្តាលស្ទឹង ស្រុកល្វាឯម លើកដែក ស្រុកសំឡូត ស្រុករតនៈមណ្ឌល និងខេត្តបាត់ដំបង  រួមទាំងបុគ្គលិករបស់ CMAC ផងដែរ។

ជនពិការមួយរូប នៅស្រុកសំឡូត បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្ដខ្លាំងណាស់គ្មានអ្វីផ្ទឹមបានទេ ព្រោះពេលនេះ ខ្ញុំអាចដើរបាន ដោយមិនចាំបាច់ប្រើឈើច្រត់ និងដាក់រទេះទៀតទេ ពិសេសមិនពិបាកទៅដល់កូន និងប្រពន្ធរបស់ខ្ញុំទៀតដែរ ក្នុងការរៀបចំកិច្ចការមួយចំនួនទៀតដូចកន្លងមក ខ្ញុំសូមអរគុណច្រើនណាស់ ទៅដល់ស្រាបៀរលីអូ ដែលបានបើកយុទ្ធនាការ «ចែករំលែកក្ដីស្រលាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក» តាំងពីឆ្នាំ២០១៦មកនេះ ដើម្បីការបរិច្ចាគ ក្រវិលកំប៉ុងនេះ ជូនដល់មូលនិធិជើងសិប្បនិម្មិត របស់ម្ចាស់ក្សត្រីថៃ ដើម្បីផលិតជើងសិប្បនិម្មិត ជូនជនពិការកម្ពុជា នៅទីបញ្ជាការ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា»។

ក្រវិលកំប៉ុងអាលុយមីញ៉ូមដែល ប្រមូលបានពីកាបរិច្ចាគរបស់សាធារណជននៅទូទាំងប្រទេសអស់រយៈពេលជាច្រើនខែរ កន្លងមកនេះ មានប្រមាណជិត៥០គីឡូក្រាម ដែលនឹងត្រូវយកទៅរំលាយសម្រាប់យកទៅធ្វើជើងសិប្បនិម្មិត ហើយមូលនិធិផលិតជើងសិន្បនិម្មិតប្រទេសថៃ នឹងផលិតជើងសិប្បនិម្មិត នៅទីបញ្ជាការមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧ សម្រាប់ផ្តល់ជូនជនពិការកម្ពុជា ជាង១២០នាក់ ហើយជើងសិប្បនិម្មិត ជនពិការកម្ពុជា នឹងអាចមានលទ្ធភាព ក្នុងការកសាងជីវភាព ងាយស្រួលក្នុងការដើរ និងប្រកបរបរចិញ្ចឹមជីវិត។

គួររម្លឹកថា មូលនិធិជើងសិប្បនិម្មិត បានបង្កើតឡើងនៅឆ្នាំ១៩៩២ ដោយព្រះរាជមាតារបស់ព្រះមហាក្សត្រថៃ ភូមិបុលអាប់ឌុលយ៉ាដេត និងបច្ចុប្បន្នព្រះអម្ចាស់ក្សត្រីចក្រីសិរិនថន ជាព្រះប្រធានកិត្តិយស ហើយមូលនិធិជើងសិប្បនិម្មិត ជាអង្គការមិនស្វែងរកប្រាក់ចំណេញទេ។

ការបង្កើតមូលនិធិនេះ គឺក្នុងគោលបំណងចម្បង របស់មូលនិធិ គឺជួយកាត់បន្ថយទុក្ខវេទនា របស់ជនពិការក្រីក្រថៃ និងបណ្តាប្រទេសផ្សេងៗទៀត តាមរយៈការផ្តល់ជើងសិប្បនិម្មិតមិគិតថ្លៃ និងជួយឱ្យជីវិតជនពិការ អាចប្រកបរបរចិញ្ចឹមជីវិតកាន់តែប្រសើរ ដោយសារជនពិការ នៅតាមទីជនបទ មានការលំបាក ក្នុងការធ្វើដំណើរ មូលនិធិបានបង្កើតគ្លីនិកចល័ត ដើម្បីព្យាបាល និងផលិតជើងសិប្បនិម្មិត ដល់ជនពិការនៅថៃ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា៕