(កំពង់ធំ)៖ ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសួនច្បារដំរីជាន់ខ្លា ស្ថិតនៅកណ្ដាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានបើកការជួសជុលប្រើរយៈពេល៦ខែ ដោយចំណាយអស់ទឹកប្រាក់ ជាង៥ម៉ឺនដុល្លារ ក្រោមកិច្ចខិតខំជួសជួលរបស់រដ្ឋបាលខេត្តកំពង់ធំ និងក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា។
សំណង់អនុស្សាវរីយ៍ទាំងពីរនេះ ត្រូវបានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអគ្គលេខាធិការស្តីទី ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការចូលរួមពី លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ដុ កាន់ អនុប្រធានទទួលបន្ទុកអគ្គនាយកនយោបាយវៀតណាម និងមន្រ្តីពាក់ព័ន្ធ ជាង៥០០នាក់។
លោក អ៊ុត សំអន បានឲ្យដឹងថា ការជួសជុលសំណង់អនុស្សាវរីយ៍ទាំងពីរនេះ ធ្វើឡើងចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ដោយចំណាយអស់ថវិកា ជាង៥ម៉ឺនដុល្លារ។
លោក ញ៉ែម វ៉ាលី បានថ្លែងអំណរគុណដល់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាពលរដ្ឋខ្មែរ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ទង្វើទាំងអស់នេះ ធ្វើឲ្យប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន នូវភាពរស់រានឡើងវិញ ដោយសារគុណូបការៈ។
លោក ដុ កាន់ ក៏បានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សារណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមកម្ពុជា និងអាជ្ញាធរខេត្តកំពង់ធំដែលបានតែងតែយកចិត្តទុកដាក់ទទួលស្វាគមន៍ប្រទេសវៀតណាម ក្នុងការជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅកម្ពុជា និងមានកិច្ចសហការមិត្តភាពល្អ ព្រមទាំងបានកសាងនូវស្តូបអានុស្សាវរីយ៍នេះ៕