(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ដប្រតិបតិ្ដការចុះត្រួតពិនិត្យជនជាតិវៀតណាម៤២នាក់ ក្នុងនោះស្រី១៨នាក់ ដែលចូលមករស់នៅ និងធ្វើការដោយគ្មានច្បាប់អនុញ្ញាតនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលអន្ដោប្រវេសន៍ ចុះត្រួតពិនិត្យជនជាតិវៀតណាម៤២នាក់ ក្នុងនោះស្រី១៨នាក់។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមចំនួន១៨នាក់ ក្នុងនោះស្រី៨នាក់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ ចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា រយៈពេល១២ខែក្នុងឆ្នាំ២០១៦ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សុខ ផល បានបើកប្រតិបត្តិការចាប់ខ្លួនជនបរទេស និងបណ្ដេញចេញពីប្រទេសកម្ពុជា មានចំនួន៣,៣៧៦នាក់ ក្នុងនោះស្រី ៧៣៨នាក់ ស្មើនឹង៦៣សញ្ជាតិ ពីបទលួចឆ្លងដែន ស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន បង្កសកម្មភាពប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម និងរត់គេចមកសំងំលាក់ខ្លួន ពីការតាមចាប់របស់ប្រទេសដទៃ (និវេទក្រហម)។
ជាមួយគ្នានេះ នៅរសៀលថ្ងៃដដែល កម្លាំងជំនាញអន្តោប្រវេសន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុសេដា ស្រុកលំផាត់ ខេត្តរតនគិរី ក៏បានធ្វើការឃាត់ខ្លួន ជនជាតិជាតិវៀតណាមចំនួន០៣នាក់(ប្រុស)និងម៉ូតូចំនួន២គ្រឿង ផងដែរពីបទលួចឆ្លងដែនចូលមកទំនាក់ទំនងរកសុីដោយខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំសេដា៕