(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីឡាវ នឹងអញ្ជើញជាអធិតីភាពរួមគ្នា ក្នុងពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀង-ណងណុកខៀន នៅព្រំដែនខេត្តស្ទឹងត្រែង-ចំប៉ាសាក់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងពិធីសម្ពោធនោះ សម្តេចតេជោ ហ៊ុន សែន និង លោក ថងលូន ស៊ីស៊ូលីត នឹងថ្លែងសុន្ទរកថាមួយចំនួន ។ បន្ទាប់ពីនោះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនាទំនប់វារីអគ្គីសនីដនសាហុង ដែលមានទីតាំងនៅក្នុងខេត្តចំប៉ាសាក់តែម្តង។
ក្រសួងការបរទេស បានអះអាងថា ការបើកបើកឱ្យប្រើប្រាស់ច្រកត្រួតពិនិត្យព្រំដែនជាមួយប្រទេសឡាវថ្មីនេះ បង្ហាញពីការរីកចំរើនថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។ ការបើកឱ្យប្រើប្រាស់នេះ ក៏នឹងឆ្លើយតបផងដែរចំពោះតម្រូវការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងជួយសម្របសម្រួលបន្ថែមទៀត ដល់ពាណិជ្ជកម្មតាមព្រំដែន ទេសចរណ៍ និងការតភ្ជាប់រវាងប្រទេសទាំងពីរ៕