(ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី នៅលើ Facebook នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះថា «រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ ប៉ះអ្វីឆេះហ្នឹង កាយគាស់អ្វីៗទាំងអស់ ឲ្យវិនាសហិនហោច» ពាក់ព័ន្ធការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រតិកម្មទៅវិញថា លោក សម រង្ស៊ី សូម្បីតែបង្គន់អនាម័យនៅតាមភូមិរបស់ប្រជាពលរដ្ឋ មិនដែលឃើញលោកចូលរួមកសាងជូនបងប្អូនប្រជាពលរដ្ឋនោះទេ បែរជាចោទថា រដ្ឋាភិបាល ដៃភ្លើង ជើងមាន់ទៅវិញ។
លោក ផៃ ស៊ីផាន បានរៀបរាប់យ៉ាងដូច្នេះជាមួយខ្លឹមសារទាំងស្រុងនេះថា៖ «ការលើកឡើងរបស់មេឧទ្ទាមបរាជ័យ ទណ្ឌិត សម រង្សី ដែលប្រើប្រាស់ពាក្យញ៉ុះញ៉ង់ បំបែកបំបាក់ សង្គមជាតិថា «រាជរដ្ឋាភិបាលដៃភ្លើងជើងមាន់» ដែលជាពាក្យ ប្រមាថ និងប្រឌិតភាពអវិជ្ជមានដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រីស្របច្បាប់ប្រកបដោយឥទ្ធិពល និងប្រជាប្រិយភាពបំផុត នៃអណត្តិបច្ចុប្បន្ន និងអនាគត គឺជាការប្រមាថសុទ្ធសាធ និងប្រឌិតរឿងមិនពិត គឺជាសេចក្ដីកំសាក ស្ថិតក្នុងភាពវិកលចរិក សតិសម្បជញ្ញៈ បន្ទាប់ពីការចាញ់ឆ្នោតផ្កាប់មុខ ជារៀងរាល់អណត្តិកន្លងមក។
អ្វីដែលអន្តរជាតិបានលើកឡើង និងវាយតម្លៃខ្ពស់ចំពោះសមទ្ធិផលវិជ្ជមាន របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺសម្ដេចបានដឹកនាំកម្ពុជា ទទួលបាននូវជោគជ័យខាងផ្នែកសេដ្ឋកិច្ច ហើយអន្តរជាតិប្រសិទ្ធនាមថា កម្ពុជាជាប្រជាជាតិដែលស្ថិតនៅក្នុងភាពជោគជ័យសេដ្ឋកិច្ចជាខ្លាមួយប្រចាំតំបន់ ដែលជាប្រជាជាតិដែលទទួលបានជោគជ័យ ច្រើនអណត្តិបន្តបន្ទាប់ កន្លងមកនូវផលិតផលសរុបក្នុងស្រុក ៧% ដែលបង្ករនូវការទុកចិត្តពីអ្នកវិនិយោគបរទេស មកកាន់កម្ពុជា ដោយរាប់ទាំង ស្ថេរភាពនយោបាយ និងសន្តិភាពដែលរាជរដ្ឋាភិបាលសម្ដេចតេជោ បានថែរក្សាជាបន្តបន្ទាប់មក។ កសិឧស្សហកម្មក៏ទទួលបាន ការរីកចម្រើន ដែលមានភាពប្រជែងក្នុងរង្វង់ពាណិជ្ជកម្មអន្តរជាតិ រាប់ទាំងកសិផលដទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន បានទទួលនាទីជាអ្នកនាំមុខ អន្តរជាតិក្នុងការសម្របសម្រួលការងារពាណិជ្ជកម្មក្នុងតំបន់ក៏ដូចជា លើឆាកអន្តរជាតិ។ បទពិសោធន៍នៃសមត្ថភាពរបស់សម្ដេចតេជោ ក៏ទទួលបាននូវការគោរព និងកោតសរសើរនូវមគ្គុទេសភាពរបស់សម្ដេចតេជោ ក៏ដូចជាសមទ្ធិផលនានា ដែលសំរេចបាននៅក្នុងកម្ពុជា នៅក្នុងតំបន់ ក៏ដូចជាលើឆាកអន្តរជាតិ នៅក្នុងវិស័យសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។
យ៉ាងហោចណាស់ សម្ដេចទទួលបានពានរង្វាន់ពីសមាគមន៍ប្រជាជាតិអាស៊ាន ដែលមានឈ្មោះថា «ពានសមទ្ធិផលអាស៊ានមួយជីវិត នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦» សម្ដេចក៏ទទួលបានការគោរព និងកោតសរសើរ នូវមេដាយកិត្តិយសពីសំណាក់ប្រជាជាតិនិយម ប្រជាធិបតេយ្យកណ្ដាល (ICAPP) ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរភាគច្រើន ដាច់ខាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានភាពរីករាយ និងសុខក្សេមក្សាន្ត ព្រមទាំងទទួលបានចំណូល សេដ្ឋកិច្ចកើនឡើង ប្រចាំគ្រួសារ ដែលញ៉ាំង អោយស្រទាប់កណ្ដាល របស់សង្គមកម្ពុជារីកធំធាត់ ដែលអន្តរជាតិវាយតម្លៃខ្ពស់ ស្របជាមួយនឹង ទំនុកចិត្តក្នុងកិច្ចធ្វើពាណិជ្ជកម្ម នៅក្នុងកម្ពុជា។ ចំនួនរថយន្តនៅដងថ្នល់គ្រប់ប្រភេទរាប់ទាំង ទោចក្រយានយន្តនៅលើដងថ្នល់ រាប់ទាំងឧបករណ៍ និងបរិក្ខាកសិកម្ម នៅពាសពេញវាលស្រែ និងទូក នៃសម្ភារៈចរាចរណ៍នៅក្នុងទឹក ក៏បង្ហាញនូវថាមពលធនធានរបស់ស្រទាប់កណ្ដាលកម្ពុជាផងដែរ។
អ្វីដែលប្លែកនោះ សូម្បីតែបង្គន់អនាម័យនៅតាមភូមិ ឬឃុំនៅកម្ពុជាក៏ពុំទាន់ទទួលបានការចូលរួមកសាងអភិវឌ្ឍន៍ដោយទណ្ឌិត សម រង្សីនេះទេ។ ក៏ប៉ុន្តែ គេឃើញតែរូបភាព ទណ្ឌិតរូបនេះ តាំងខ្លួនជាអាទិទេព ឬជា បុគ្គលសក្ការៈ ដែលតែងខ្លួនជាមួយកម្រងផ្កានៅនឹងកររបស់ទណ្ឌិតនេះ។ អ្វីដែលប្រជាពលរដ្ឋ អបអរសាទរ ចំពោះចំណាត់ការលើមេឧទ្ទាម ដែលមានសញ្ជាតិ ជាបារាំង មិនអោយចូល មកបំផ្លាញ ស្រុកខ្មែរ គឺជាការសមស្របមួយ ដែលជាបុគ្គលមានដៃភ្លើងជើងមាន់ ដែលមាននិន្នាការបំផ្លាញ ខ្មែរពិតប្រាកដ៕