(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ បានបង្ហាញ កម្លាំងសមត្ថកិច្ចបង្ក្រាប បទល្មើសគ្រឿងញៀនបាន៤៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១៣០នាក់ (ស្រី៦នាក់) ក្នុងនោះមានករណីជួញដូរគ្រឿងញៀន៣០ករណី ឃាត់ខ្លួន៩១នាក់ និងករណីប្រើប្រាស់គ្រឿងញៀន១៥ករណី ឃាត់ខ្លួន៣៩នាក់។
រាជធានី-ខេត្តចំនួន២២ បានអនុវត្តន៍ការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ លើកលែងតែខេត្តចំនួន៣ប៉ុណ្ណោះ គឺខេត្តបន្ទាយមានជ័យ ព្រះសីហនុ និងខេត្តកែបប៉ុណ្ណោះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញផែនការ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់លើកទី១ រយៈពេល៦ខែ (ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧) ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អឡើងថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕