(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ បានបង្ហាញតារាងតម្លៃលក់លេខចុះបញ្ជីរថយន្តលក្ខណៈគ្រួសារ និង រថយន្តធុនស្រាល។ ការបង្ហាញតារាងតម្លៃលក់លេខរថយន្តនេះ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរក្នុងការ ទិញផ្លាកលេខរថយន្ត ហើយក៏ជាការបង្ហាញ​តម្លាភាពក្នុងការ​លក់ផ្លាក​លេខរថយន្តផងដែរ។ ជាពិសេស គឺជាការចូលរួមចំណែកលុបបំ បាត់អំពើពុករលួយ។

យោងតាមតារាងដែលបង្ហាញដោយក្រសួងសាធារណការនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា តម្លៃផ្លាកលេខមានការកំណត់ខុសៗគ្នា ទៅតាមប្រភេទ​លេខ។ សម្រាប់លេខ ៤ខ្ទង់ដូចគ្នា ឬគេហៅសាមញ្ញថា លេខការ៉េនោះ មានតម្លៃចាប់ពី ១ពាន់ដុល្លារ ដល់ ៥ពាន់ដុល្លារ, លេខ ១៦៨ ស្ថិតនៅបីខ្ទង់ខាងចុង តម្លៃចាប់ពីជិត ១ពាន់ដុល្លារ ដល់ជាង ៣ពាន់ដុល្លារ, លេខ ៤ខ្ទង់ជាលេខរៀងគ្នា តម្លៃពីជាង ១ពាន់ដុល្លារ ដល់ប្រមាណ ២៥០០ដុល្លារ...។ ដោយឡែកលេខធម្មតាមិនមានគិតថ្លៃនោះឡើយ។

តម្លៃលេខក៏មានលក្ខណៈខុសគ្នាទៅតាមតំបន់ផងដែរ សម្រាប់រាជធានីភ្នំពេញ មានតម្លៃជាងលេខនៅតាមបណ្តាខេត្ត។ សម្រាប់អ្នកដែលចង់ផ្លោះ​ស៊េរីលេខ​ចុះបញ្ជី​បច្ចុប្បន្ន (AM) ក៏ត្រូវដំឡើងតម្លៃទៅតាមនោះផងដែរ។

កំណត់សម្គាល់៖
- តំបន់១៖ រាជធានីភ្នំពេញ
- តំបន់២៖ ខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប ព្រះសីហនុ និងត្បូងឃ្មុំ
- តំបន់៣៖ ខេត្តព្រៃវែង កំពង់ធំ តាកែវ ស្វាយរៀង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កំពត កោះកុង ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី បន្ទាយមានជ័យ ស្ទឹងត្រែង ឧត្តរមានជ័យ ប៉ៃលិន និងខេត្តកែប៕