(កំពត)៖ អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក ណាក់ សំបូរ ដែលត្រូវបានកម្លាំងអាវុធហត្ថខេត្តកំពតចាប់ខ្លួន ហើយត្រូវបានតុលាការចេញដីកាឃុំខ្លួន ដាក់ពន្ធនាគាររឿងជំពាក់ប្រាក់ទិញគ្រឿងសំណង់ ព្រោះតែចង់បានងារជា «ឧកញ៉ា» យកទៅកសាងវត្ត តែមិនសងគេនោះ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ។ នេះបើតាមយោងតាមមន្រ្តីតុលាការខេត្តកំពត បានថ្លែងប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះ ក្រោយចេញពីពន្ធនាគារ កាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ លោក ណាក់ សំបូរ បានបន្ដការងារក្នុងតួនាទីជាអនុរដ្ឋលេខាធិការដដែល ពោលមិនត្រូវបានដកតំណែង ឬបញ្ឈប់ពីការងារនោះទេ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត និងជាអ្នកនាំពាក្យផងនោះ លោក ខាន់ សុផល បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះថា លោក ណាក់ សំបូរ ក្រោយបានដោះលែងឲ្យនៅក្រៅឃុំ តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦មកម្ល៉េះ។ លោក ខាន់ សុផល បានបញ្ជាក់ថា ការដោះលែងឲ្យនៅក្រៅឃុំបែបនេះ បានធ្វើឡើងបន្ទាប់ពីមានការស្នើសុំ ទៅលោកចៅក្រម។
មន្ដ្រីជាន់ខ្ពស់សាលាខេត្តកំពតម្នាក់ ដែលបានដឹងរឿងនេះបានលួចបង្ហើមថា ក្រោយចេញពីពន្ធនាគារ និងរហូតមកដល់ពេលនេះ លោក ណាក់ សំបូរ នៅបន្ដកាន់ការងារ ក្នុងតួនាទីជាអនុរដ្ឋលេខាធិការ ក្រសួងធម្មការដដែល។
ជុំវិញការបន្ដកាន់តួនាទីជាន់ខ្ពស់មួយនេះ ត្រូវបានមន្ដ្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ម្នាក់ ពន្យល់ថា «ច្បាប់អត់មានចែងអំពីការបាត់បង់តំណែងនោះទេ។ ធម្មតា បើប្រមុខរដ្ឋាភិបាលបានជ្រាបអំពីដំណឹងនេះ នឹងស្នើដកតំណែងតែម្ដង តាមព្រះរាជក្រឹត្យ»។
សួមបញ្ជាក់ថា លោក ណាក់ សំបូរ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិត្រពាំងរាំង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ក្រោមបទចោទប្រកាន់ «រំលោភលើទំនុកចិត្ត» ពោលមន្ដ្រីជាន់ខ្ពស់ផ្នែកសាសនាមួយនេះ រងការចោទថា ជំពាក់ប្រាក់អ្នកលក់គ្រឿងសំណង់យកទៅកសាងវត្ត ដើម្បីចង់ការងារជាឧកញ៉ា ជាង២០ម៉ឺនដុល្លារ តែសាច់ញាតិជននេះ ចេញមកអះអាងថា ជំពាក់ត្រឹម៦,២៨៥ដុល្លារប៉ុណ្ណោះ។
អ្នកស្គាល់បុគ្គលខាងលើ បានឲ្យដឹងថា លោក នាក់ សំបូរ ពីមុនធ្លាប់បួសជាព្រះសង្ឃនៅប្រទេសថៃ ហើយក្រោយមកត្រូវបានតែងតាំងជាជំនួយការលោក មិន ឃិន អតីតរដ្ឋមន្រ្តីក្រសួងធម្មការ តែក្រោយពេលលោក មិន ឃិន ទទួលមរណទៅស្រាប់តែទៅរត់ការ បានរហូតជាអនុរដ្ឋលេខាធិការ ក្រសួងតែម្តង ធ្វើឲ្យគេភ្ញាក់ផ្អើលគ្រប់គ្នា។
ជាមួយគ្នានេះ លោក នាក់ សំបូរ រូបនេះ បានអ៊ួតប្រាប់គេឯងពេញក្រសួង រឿងរកស៊ី ជាពិសេសនាំឈ្មួញថៃមកទិញដី នៅស្រុកខ្មែរជាហូរហែរ ហើយក៏ធ្លាប់បានប្រកាសប្រាប់គេឯងថា មានមន្រ្តីយោធាជាន់ខ្ពស់ នៅពីក្រោយខ្នងទៀតផង៕