(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មការធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថាគ.ជ.ប បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះថា នៅថ្ងៃនេះ គ.ជ.ប ថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋជាបណ្តើរៗហើយ ក្រោយពេលដែលប្រជាពលរដ្ឋ បានចុះទៅពិនិត្យឈ្មោះបោះឆ្នោត ហើយមានភាពមិនប្រក្រតីនៃបញ្ជីឈ្មោះបោះឆ្នោតថ្មី។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា «នៅថ្ងៃនេះ មន្រ្តីគ.ជ.ប នៅតាមថ្នាក់មូលដ្ឋានឃុំ-សង្កាត់ ទទួលបាន ពាក្យបណ្តឹងពីប្រជាពលរដ្ឋជាបណ្តើរៗហើយ ប៉ុន្តែពាក្យបណ្តឹងនេះ មន្រ្តីគ.ជ.ប នឹងដោះស្រាយជូនប្រជាពលរដ្ឋរយៈពេល៣ថ្ងៃ ។ បើរយៈពេល៣ថ្ងៃនេះ នៅតែមិនអាចដោះស្រាយបានទេនោះ បណ្តឹងទាំងនោះ នឹងត្រូវដាក់បញ្ចូនមកគ.ជ.ប ជាអ្នកដោះស្រាយបន្តទៀត ដោយប្រើរយៈពេល៥ថ្ងៃ ក្នុងការដោះស្រាយ»។
ជាការកត់សំគាល់ ដំណើរការបិទបញ្ជីឈ្មោះបោះឆ្នោតធ្វើឡើងចាប់ពីថ្ងៃទី០៣ ដល់ ១៤ ខែមករា ឆ្នាំ២០១៧ ដែលអាច ឲ្យបងប្អូនទៅពិនិត្យ បញ្ជីឈ្មោះរបស់ខ្លួនតាមឃុំសង្កាត់ ដែលបានទៅ ចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជី ឈ្មោះឆ្នោតថ្មី កាលពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងពេលដែលបងប្អូន បានទៅពិនិត្យបញ្ជីឈ្មោះចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ហើយមានបញ្ហាដូចជា ឈ្មោះខុសអក្ខរាវារុទ្ធ ខុសភេទ ឬអ្វីៗផ្សេងទៀត អាចប្តឹងជំទាស់ នៅឃុំ សង្កាត់នោះបាន។
សូមជម្រាបថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ រយៈពេលមួយថ្ងៃគត់។ហេតុដូច្នេះ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សូមបងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត និងបានទៅចុះឈ្មោះបោះឆ្នោត កាលពីពេលកន្លងទៅ សូមអញ្ជើញទៅពិនិត្យទិន្នន័យឈ្មោះរបស់ខ្លួន ឲ្យបានគ្រប់ៗគ្នា និងហ្មត់ចត់បំផុត ដើម្បីប្រាកដថាទិន្នន័យឈ្មោះរបស់បងប្អូន មានក្នុងបញ្ជីឈ្មោះបោះឆ្នោតដំបូងនោះ ហើយត្រូវដាក់ពាក្យបណ្ដឹងភ្លាមៗទៅក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រសិនបើមានបញ្ហាណាមួយ ក្នុងទិន្នន័យឈ្មោះរបស់ខ្លួន ដាច់ខាតកុំឲ្យផុតរយៈពេល ១០ថ្ងៃ ដែល គ.ជ.ប បានកំណត់៕