(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ថា នៅវេលាម៉ោង២រំលងអាធ្រាត ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ស្អែកនេះ នឹងមានការដឹកជញ្ជូនសម្ភារយោធភណ្ឌមួយចំនួន របស់កងយោធពលខេមរភូមិន្ទ កាត់តាមរាជធានីភ្នំពេញ ចូលទៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ថា ការដឹកជញ្ជូនសម្ភារយោធភណ្ឌទាំងនេះ គឺដើម្បីរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទ ដែលរៀបចំដោយគណៈកម្មាធិការ រៀបចំកីឡាកងយោធពលខេមរភូមិន្ទ អបអរសាទរទិវាជ័យជម្នះ៧មករា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ ចាប់ពីថ្ងទី៦ ដល់ទី៨ ខែមករា ឆ្នាំ២០១៧។
សេចក្ដីជូនដំណឹងបានបន្តថា សម្ភារយោធភណ្ឌទាំងនោះ រួមមាន៖ រថពាសដែកចំនួន២គ្រឿង និងរថយន្តយោធាចំនួន១៥គ្រឿង ដែលដឹកជញ្ជូនដោយកងពលតូច អន្តរាគមន៍លេខ៧០ ឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៣ ផ្លួវវេងស្រេង មហាវិថីមុនីរ៉េត មហាវិថីម៉ៅសេទុង និងមហាវិថីព្រះសុធារស។
ជាមួយគ្នាសម្ភារយោធភណ្ឌនេះ នឹងត្រូវដឹកត្រឡប់ចេញបន្ទាយវិញ នៅវេលាម៉ោង២រំលងអាត្រាធ្រ នាថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ៖