(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៦ ចំនួនអ្នកចុះឈ្មោះស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈមាន ជាង១ម៉ឺន៣ពាន់នាក់ ហើយ NEA បានផ្គូរផ្គង់ និងបញ្ជូនទៅដល់និយោជកមាន ជាង១ម៉ឺន១ពាន់នាក់ ក្នុងនោះ អ្នកដែលទទួលបានការងារធ្វើមាន ជាង២ពាន់នាក់, នេះបើតាមលោក គន់ សម្បត្តិ អនុប្រធានផ្នែកប្រមូល និងផ្សព្វផ្សាយព័ត៌មាននៃ NEA។

លោក គន់ សម្បត្តិ បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ឲ្យដឹងថា «ក្នុងឆ្នាំ២០១៦ អ្នកដែលចុះឈ្មោះស្វែងរកការងារធ្វើ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ មានចំនួន ១៣,៤៨០នាក់ (ស្រី ៧,០២៣នាក់)»

លោក គន់ សម្បត្តិ បានបន្តថា ឆ្នាំ២០១៦ NEA បានធ្វើការផ្គូរផ្គង់ និងបញ្ជូនអ្នកដែលចុះឈ្មោះរកការងារធ្វើ ទៅដល់និយោជកចំនួន ១១,២៨១នាក់ (ស្រី ៥,៦៨១នាក់) គិតទាំងអ្នកថ្មី និងអ្នកចាស់ ក្នុងនោះអ្នកដែលទទួបានការងារមានចំនួន ២,៤៤៣នាក់ (ស្រី ១,៥៣៦នាក់)។

លោកបានបន្តថា ក្រៅពីការងារប្រចាំថ្ងៃនៅក្នុងមជ្ឈមណ្ឌល NEA នៅរាជធានីភ្នំពេញ ក្រុមមន្រ្តីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក៏បានរៀបចំឲ្យមានព្រឹត្តិការណ៍ ពិព័រណ៍ការងារថ្នាក់ជាតិ រៀងរាល់១ឆ្នាំម្ដង និងចុះរៀបចំផ្សព្វផ្សាយឱកាសការងារនានា តាមរយៈព្រឹត្តិការណ៍មួយចំនួនដូចជា៖ ទី១.ពិព័រណ៍ការងារថ្នាក់ខេត្ត ពិសេសខេត្តដែលបណ្ដុំទៅដោយសេដ្ឋកិច្ច, ទី២.វេទិកាការងារតាមមូលដ្ឋាន និងទី៣.វេទិការការងារប្រចាំខែ ដែលធ្វើឡើងក្នុងមជ្ឈមណ្ឌល NEA ផ្ទាល់។

ជាមួយគ្នានេះ NEA ក៏បានទំនាក់ទំនងទៅជាមួយនិយោជក ក៏ដូចជាក្រុមហ៊ុននានា ដើម្បីផ្សព្វផ្សាយ និងណែនាំឲ្យពួកគេងាកមកប្រើប្រាស់សេវាជាមួយ NEA ក្នុងនោះមានក្រុមហ៊ុនទំនាក់ទំនងចំនួន ១,៥៤៩ស្ថាប័ន៕