(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បញ្ជាផ្ទាល់ដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បើកយុទ្ធនាការចុះ បង្ក្រាបបានមនុស្ស១៥នាក់ ក្នុងករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ដកហូតបានថ្នាំញៀន៦កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត កាលពីល្ងាចថ្ងៃទី៣ និងយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ នៅក្នុងភូមិសាស្ត្រ ស្រុកស្ទោង ខេត្តកំពង់ធំ។
លោកវរសេនីយទោ ងួន ហៀង ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ធំ បានបញ្ជាក់ថា បន្ទាប់ទទួលព័ត៌មានពីភ្ងាក់ងារសម្ងាត់ថា មានមុខសញ្ញាកំពុងតែចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ សមត្ថកិច្ចបានប្រមូលកម្លាំងជាង១០នាក់ ដែលដឹកនាំលោក អ៊ិត សុធា ចុះទៅធ្វើការឡោមព័ទ្ធទីតាំងនោះតែម្តងដែលលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាចែកចាយចំនួន៣នាក់ និងមុខសញ្ញាប្រើប្រាស់១៣នាក់ រឹបអូសវត្ថតាងថ្នាំញៀន ហ្វេតំវីតាម៉ីនចំនួន៦កញ្ចាប់ហៅ(ម៉ាទឹកកក)ទូរស័ព្ទ១១គ្រឿង រថយន្ត១គ្រឿង និងម៉ូតូចំនួន៩គ្រឿង នៅចំណុច ឃុំកំពង់ចិនជើង ឃុំប្រឡាយ និងឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយទី១.ឈ្មោះ ឯម ធារ៉ា អាយុ២៧ឆ្នាំ រស់នៅភូមិត្នោត ទី២.ឈ្មោះអៀង កែវ អាយុ២៣ឆ្នាំ នៅភូមិផ្ទះវាល ទី៣.ឈ្មោះរី វណ្ណី អាយុ២៣ ឆ្នាំនៅភូមិចេក អ្នកទាំងបីជាមុខសញ្ញាចែកចាយ និងជនសង្ស័យ១២នាក់ទៀត ជាមុខសញ្ញាប្រើប្រាស់នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ១២នាក់ បានសារភាពថា ពួកគេគឺជាអ្នកប្រើប្រាស់ទេ ចំនែក៣នាក់ទៀត បាននិយាយប្រាប់សមត្ថកិច្ចថា ពួកគេបានទិញយកមកចែកគ្នាប្រើប្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការច្បាប់ នៅល្ងាចថ្ងៃទី៤នេះ៕