(ភ្នំពេញ)៖ អ៊ី.អិល.ធី អេឌ្សូខេសិន បានរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ អ៊ី.អិល.ធី ដើម្បីធ្វើការប្រមូលថវិកា ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដែរថវិកាទាំងនេះ បានមកពីការទិញសំបុត្រចូលរួមពីប្អូនៗសិស្សានុសិស្ស និងអាណាព្យាបាលរបស់ពួកគេ ចូលរួមចំណែក នៃការចែករំលែកនេះ ជាមួយអ៊ី.អិល.ធី។
នាយកសាខា អ៊ី.អិល.ធី លោក ធុយ ឯកឆ័យ និងគណៈគ្រប់គ្រង រួមនឹងក្រុមការងារអ៊ី.អិល.ធីសប្បុរសធម៌ បានយកនូវថវិកា ដែលប្រមូលបាន ពីកម្មវិធី តន្ត្រីសប្បុរសធម៌ចំនួន ១០,១៥១,០០០រៀល (ដប់លានមួយសែនប្រាំម៉ឺនមួយពាន់រៀល) មកជូនមន្ទីរពេទ្យគន្ធបុប្ផា។
គួរបញ្ជាក់ថា អ៊ី.អិល.ធី អេឌ្សូខេសិន ជាគ្រឹះស្ថានអប់រំ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៤ និងទទួលបានការគាំទ្រ ការទទួលស្គាល់ពីគុណភាព នៃការអប់រំ ដែលនាពេលបច្ចុប្បន្ននេះ អ៊ី.អិល.ធី អេឌ្សូខេសិន បានពង្រីកសក្តានុភាពរបស់ខ្លួនរួមមាន គ្រឹះស្ថានអប់រំភាសាអង់គ្លេសអ៊ី.អិល.ធី សាលាបឋម សិក្សា និងមធ្យមសិក្សាអ៊ី.អិល.ធី និងសកលវិទ្យាល័យកម្ពុជាអន្តរជាតិ។
នៅក្នុងស្មារតីការងារសប្បុរសធម៌ ក៏ដូចជាការងារសង្គម និងការបណ្តុះបណ្តាលថ្នាលនៃចំនេះដឹង និងជាគំរូសម្រាប់ប្អូនៗជំនាន់ក្រោយ អ៊ី.អិល.ធី អេឌ្សូខេសិន នឹងរួមគ្នាបង្កើតវប្បធម៌ នៃការចែករំលែក សេចក្តីស្រឡាញ់ និងការងារស្ម័គ្រចិត្តនានា នៅក្នុងសង្គម ឲ្យបានច្រើនរូបភាព ដោយឡែកចំពោះតន្រ្តីសប្បុរសធម៌ អ៊ី.អិល.ធី ដែលបានបារព្ធធ្វើកាលពីចុងឆ្នាំ២០១៦នោះ គឺជាសកម្មភាពមួយ ក្នុងចំណោមសកម្មភាពជាច្រើន ដែលអ៊ី.អិល.ធី សប្បុរសធម៌ បានធ្វើឡើង។
តាំងនាមជាគ្រឹះស្ថានអប់រំឯកជន អ៊ី.អិល.ធីសប្បុរសធម៌ គាំទ្រលើសកម្មភាពមនុស្សធម៌ ក្នុងសង្គម នឹងបេ្តជ្ញាថានៅតែបន្តសកម្មភាពមនុស្សធម៌នេះ នឹងធ្វើជាចលករនៃក្តីសង្ឃឹម និងរួមគ្នាតែមួយដើម្បីការងារសប្បុរសធម៌ នៅកម្ពុជា៕