(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌាប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាស​ជាផ្លូវការអំពី​ការរៀបចំ​មហោស្រព​សិល្បៈធំមួយ នៅក្នុងប្រទេស​កម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ១៦ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ។ មហោស្រពនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ការប្រកាសអំពីមហោស្រពនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ នៅស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ដែលសន្និសីទនេះ មានការចូលរួមពី លោក ណាវីនស្រ៊ីវ៉ាស្ទាវ៉ា អគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា, លោក ហាប់ ទូច អគ្គនាយកបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង លោក សូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។

តាមការអះអាងនៅក្នុងសន្និសីទខាងលើ បានឱ្យដឹងថា ព្រឹត្តិការណ៍មហោស្រពឥណ្ឌា នឹងត្រូវបានរៀបចំឡើង ដើម្បីបង្ហាញអំពីទំនាក់ទំនងសិល្បៈវប្បធម៌រវាងកម្ពុជា និងឥណ្ឌា ក៏ដូចជាពង្រឹងទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

នៅក្នុងមហោស្រពនោះ មានការសម្តែងសិល្បៈមួយចំនួន រួមមាន ការសម្តែងរបាំបុរាណរាមាយណៈ របាំបុរាណាកាតាក់ឥណ្ឌា របាំប្រពៃណីម៉ាងារ ពីធីបុណ្យ ព្រះពុទ្ធសាសនា និងបុណ្យអាហារ។ ពិធីបើកព្រឹត្តិការណ៍មហោស្រពឥណ្ឌា នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៦៖០០ល្ងាច នៅមហោស្រពចតុមុខ រាជធានីភ្នំពេញ ដោយមានការសម្តែងរាមាយណៈ(រាមកេរ្តិ៍) សម្តែងដោយក្រុមសិល្បៈល្បីល្បាញ Kalakshetra ។ ពួកគេនឹងសម្តែងនៅ ថ្ងៃទី១១ និងថ្ងៃទី១២ ខែមករា ផងដែរ សម្តែងភាគផ្សេងៗគ្នានៃរឿងរាមកេរ្តិ៍។

តាមកាលបរិច្ឆេទ ការសម្តែងមហោស្រពនៅរាជធានីភ្នំពេញ ក្នុងមហោស្របចុងមុខ នឹងធ្វើឡើងថ្ងៃទី១០ ១១ និង ១២ ខែមករា។ ចំណែកខេត្តសៀមរាប នៅមុខប្រាសាទបាយ័ន នឹងធ្វើឡើងនៅថ្ងៃទី១៤ និង១៥ ខែមករា ហើយសម្រាប់ខេត្តបាត់ដំបង នឹងធ្វើឡើងនៅនៅសាកលវិទ្យាល័យបាត់ដំបង នាថ្ងៃទី១៦ ខែមករាផងដែរ៕