(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំមួយ ដោយក្រើនរំលឹកជាថ្មី ជូនដល់ប្រជាពលរដ្ឋទូទាំង ប្រទេសកម្ពុជា ឲ្យការពារ និងប្រុងប្រយ័ត្ន ជុំវិញជំងឺផ្តាសាយបក្សីលើមនុស្ស។
ការក្រើនរំលឹកនេះ បានចេញផ្សាយក្រោយពេល ដែលក្រសួងសុខាភិបាល ទទួលដំណឹងថា រយៈពេលថ្មីៗនេះ មានការរីករាលដាលនៃជំងឺផ្តាសាយបក្សីថ្មីប្រភេទ H5N6 លើសត្វបក្សី បណ្តាលឲ្យសត្វបក្សីប្រមាណជិត២០លានក្បាល នៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល ចេញផ្សាយឲ្យដឹងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា នៅប្រទេសចិន មានរបាយការណ៍ពីករណីជំងឺផ្តាសាយបក្សី លើមនុស្ស ដែលបង្កដោយវីរុសផ្តាសាយបក្សី ប្រភេទ H7N9 ចំនួន៨០៧នាក់ គិតក្នុងរយៈពេលពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦។
ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា បច្ចុប្បន្ននេះកម្ពុជា នៅមិនទាន់មានករណីជំងឺផ្តាសាយបក្សីប្រភេទ H7N9 និង H5N6 នៅឡើយទេ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០១៤ ប្រទេសកម្ពុជាធ្លាប់មានករណី ជំងឺផ្តាសាយបក្សីប្រភេទ H5N1 ចំនួន៥៦ករណីដែលក្នុងនោះ មាន៣៧ករណីបានស្លាប់។ ដូច្នេះ បើទោះបីជាបច្ចុប្បន្ន កម្ពុជាមិនទាន់មានករណីជំងឺផ្តាសាយបក្សីប្រភេទ H7N9 និង H5N6 ក៏ដោយ ក៏ប្រជាពលរដ្ឋគ្រប់រូបត្រូវមាន ការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាព ពីការចម្លងមេរោគខាងលើ ជាពិសេស សម្រាប់លោកអ្នកដែលមានបំណងធ្វើដំណើរទៅប្រទេសក្រៅនាបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ៕
សូមអានសេចក្តីណែនាំ និងក្រើនរំលឹករបស់ក្រសួងសុខាភិបាល ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖