(ព្រៃវែង)៖ មន្រ្តីរាជការជាច្រើននាក់ ដែលបម្រើការក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានសម្ដែងការមិនពេញចិត្ត និងលើកឡើងនូវការរិះគន់យ៉ាងខ្លាំងចំពោះ លោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្តព្រៃវែង ដែលបានខិតខំអូសទាញបក្ខពួកគូកន និងកូនក្មួយរបស់ខ្លួន លើកឲ្យចូលកាន់តំណែងជាប្រធានការិយាល័យ អនុប្រធានការិយាល័យ ពេញក្នុងមន្ទីរ ដែលឆ្លៀតពេលខ្លួនជិតចូលនិវត្តន៍។
តាមលិខិតពាក្យបណ្ដឹងមួយច្បាប់ ដែលផ្ញើដល់អង្គភាព Fresh News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា សល់ពេលតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ លោក ហ៊ឹម សុផល នឹងត្រូវចូលនិវត្តន៍ហើយ ទើបលោកបានធ្វើសកម្មភាពយ៉ាងមមាញឹក ក្នុងការប្រមែប្រមូលគូកន និងកូនក្មួយរបស់ខ្លួន លើកឲ្យកាន់តំណែងជា ប្រធានការិយាល័យ អនុប្រធានការិយាល័យ ពាសពេញក្នុងមន្ទីរអប់រំខេត្តព្រៃវែង។
លិខិតដដែលបានសង្កត់ធ្ងន់ថា «បុគ្គលិកធ្វើការនៅក្នុងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង កើតទុក្ខមិនសុខចិត្ត ចំពោះទង្វើរបស់ លោក ហ៊ឹម សុផល ប្រធានមន្ទីរអប់រំខេត្ត ដែលសល់តែរយៈពេល៣សប្ដាហ៍ទៀត នឹងត្រូវចូលនិវត្តន៍នោះ បានរៀបចំផ្ទេរតំណែងកូនក្មួយ និងគូកនរបស់គាត់ចូលក្នុងមន្ទីរ និងដាក់ក្នុងតំណែងក្នុងការិយាល័យ ក្នុងមន្ទីរអប់រំសំខាន់ៗមួយចំនួន»។
លិខិតខាងលើបានបន្តថា តាមច្បាប់ការផ្ទេរប្ដូរក្នុងខេត្ត និងក្រៅខេត្តគេធ្វើតែម្ដងគត់ គឺនៅខែកក្កដា ឬខែសីហាតែប៉ុណ្ណោះ ពោលគឺមុនថ្ងៃបើកបវេសនកាល តែឥឡូវនេះ លោកប្រធានមន្ទីររូបនេះ បែរជាខំធ្វើភ្លៀងធ្វើផ្គរ បង្កឲ្យមានសកម្មភាពជ្រួលច្របល់ពេញក្នុងមន្ទីរ ប៉ះពាល់ដល់ទឹកចិត្តខិតខំធ្វើការរបស់មន្រ្តីរាជការដទៃ ពោលគឺពួកគាត់ទាំងនេះ ត្រូវលោកប្រធានមន្ទីរ ហ៊ឹម សុផល ធីបចោលធ្វើជាមើលមិនឃើញ។
ជាមួយគ្នានេះ មន្រ្តីរាជការដែលបម្រើការក្នុងមន្ទីរអប់រំខេត្តព្រៃវែង ក៏បានបញ្ជាក់ដែរថា លោកប្រធានមន្ទីររូបនេះ គ្រោងបើកកិច្ចប្រជុំមួយ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីធ្វើការផ្ទេរតំណែងមន្រ្តី និងគ្រូបង្រៀនមួយចំនួន ដែលសុទ្ធសឹងតែជាបក្ខពួក និងសាច់ញាតិរបស់ខ្លួន។
ទោះយ៉ាងណា មន្រ្តីរាជការដែលបម្រើការក្នុងមន្ទីរអប់រខេត្តព្រៃវែង បានស្នើយ៉ាងទទូចសុំអន្តរាគមន៍ពីសំណាក់ លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា សូមលោកមេត្តាត្រួតពិនិត្យអំពីបញ្ហាមិនប្រក្រតីនេះ ឡើងវិញជាបន្ទាន់ ពីព្រោះការផ្ទេរតំណែងនេះ ខុសប្លែកពីធម្មតាខ្លាំងណាស់។ មួយទៀតសោត ការរៀបចំផ្ទេរតំណែងនេះ ធ្វើឡើងចំពេលលោកប្រធានមន្ទីររូបនេះ ជិតចូលនិវត្តន៍ទៀតផង៕