(កណ្ដាល)៖ ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី១-៣ ខែមករា ឆ្នាំ២០១៧) កម្លាំងកងរាជអាវុធហត្ថកណ្តាល ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានចុះឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ រួមជាមួយថ្នាំម៉ាទឹកកកជិត៤០០កញ្ចប់។ សម្រាប់ជនសង្ស័យ និងវត្ថុតាងទាំងនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ (៣នាក់ត្រូវអប់រំ រួចឲ្យត្រឡប់ទៅវិញ) នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីបង្ហាញមុខសាធារណៈដល់អ្នកសារព័ត៌មាន។
មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានបញ្ជាក់ថា «ដោយអនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថបង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល កម្លាំងអាវុធហត្ថខេត្ត ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា បានធ្វើសកម្មភាពជាប្រចាំដូចភ្លៀងរលឹម ហើយការបង្ក្រាបគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧នេះ បានជនសង្ស័យចំនួន៧នាក់ និងដកហូតថ្នាំញៀនជិត៤០០កញ្ចប់ ព្រមទាំងវត្ថុតាងជាច្រើនផ្សេងទៀត»។
យោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តកណ្តាល បានបង្ហាញថា លើកទី១-នៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនជនល្មើសម្នាក់ ឈ្មោះ ឆោម ដារា អាយុ២៦ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានដកហូតថ្នាំម៉ាទឹកកកចំនួន១២០កញ្ចប់តូច ទម្ងន់៣៤.៣៤ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង, សម្ភារជក់ និងវេចខ្ចប់មួយចំនួន និងម៉ូតូម៉ាកឌូក១គ្រឿងទៀត។
ដោយទទួលបានចម្លើយសារភាពពីជនសង្ស័យ និងដោយមានការអនុញ្ញាតពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល និងមានការសហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញផងនោះ កម្លាំងអាវុធហត្ថ បានបន្តឆែកឆេរផ្ទះប្រពន្ធរបស់ជនសង្ស័យ ឆោម ដារា ស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា ទើបរកឃើញសម្ភារសម្ភារជក់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួនទៀត។
លើកទី២-ដោយមានការចង្អុលបង្ហាញពីជនសង្ស័យ ឆោម តារា នៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបង្រ្កាបបទល្មើសគ្រឿងញៀន នៅផ្លូវជាតិលេខ៦A ជិតផ្សារព្រែកអញ្ចាញ ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ជិន ស៊ីថា អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ។ សមត្ថកិច្ចបានដកហូតថ្នាំម៉ាទឹកកកចំនួន ជិត៨០កញ្ចប់តូច ទម្ងន់២៥.៥ក្រាម។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះ ជិន ស៊ីថា នៅយប់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ដដែល កម្លាំងអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបនៅក្នុងបន្ទប់ផ្ទះសំណាក់មួយ ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ថែមទៀត៖ ទី១.ឈ្មោះ ហោ ឌីណា អាយុ៣២ឆ្នាំ, ទី២.ឈ្មោះ ឈុន ដានី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្លឹបស៊ីធធី ស្នាក់នៅផ្ទះជួលម្តុំរោងចក្រកាណាឌីយ៉ា រាជធានីភ្នំពេញ, ទី៣.ឈ្មោះ ហេង ស្រីហុង អាយុ២២ឆ្នាំ មុខរបរបម្រើការក្នុងហាងខារ៉ាអូខេ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ កម្លាំងអាវុធហត្ថចម្រុះខាងលើ បានដកហូតថ្នាំញៀន ១០កញ្ចប់តូច ទម្ងន់១.៦៩ក្រាម។
លើកទី៣-ដោយមានការចង្អុលបង្ហាញពី ឈ្មោះ ហោ ឌីណា នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ កម្លាំងមន្ទីរយុត្តិធម៌ខេត្តកណ្តាល សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាបនៅចំណុចផ្ទះអ៊ុតសក់យីហោ អានីកែសម្ផស្ស ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់៖ ឈ្មោះ ហុក ស៊ីថា ហៅស្រីដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរជាងអ៊ុតសក់ ស្នាក់នៅផ្ទះខាងលើ និងឈ្មោះ ប៉ោង លីណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
លើកទី៣នេះ កម្លាំងអាវុធហត្ថបានដកហូតថ្នាំម៉ាទឹកកកចំនួន១៥០កញ្ចប់តូច ទម្ងន់៥២.៦៨ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង និងកូនថង់ច្រកថ្នាំញៀនមួយចំនួន។
បើតាមរបាយការណ៍ សរុបក្នុងការចេញប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខាងលើ បានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ (ស្រី៤នាក់) និងអ្នកប្រើប្រាស់៣នាក់ ដោយមានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ឲ្យធ្វើការអប់រំរយៈពេល ៤៨ម៉ោង ដោយមានការធានាពីអាណាព្យាបាលអនុញ្ញាត ទើបឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ដោយឡែក ជនសង្ស័យស្រីចំនួន៤នាក់ និងគ្រឿងញៀនទម្ងន់ ជាង១១.៥៨កា្រម ស្មើនឹងជិត៤០០កញ្ចប់តូច ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត មន្ទីរជំនាញនៃកងរាជអាវុធហត្ថខេត្តកណ្តាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕