(កំពត)៖ កម្លាំងនគរបាលខេត្តកំពត បើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ដកហូតបានថ្នាំញៀន៨កញ្ចប់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត នៅស្រុកទឹកឈូ និងស្រុកឈូក នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ។
លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឲ្យដឹងថា ទីតាំងទី១៖ នៅស្រុកឈូក កម្លាំងនគរបាល ដឹកនាំពីលោក ទូច ដូន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងមានការសម្របសម្រួលពីលោកម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត បានចុះឃាត់ខ្លួនជនសង្ស័យ២នាក់នៅចំណុចភូមិព្រីង ឃុំតេជោអភិវឌ្ឍ ស្រុកឈូក ដោយជនសង្ស័យទី១៖ឈ្មោះ លី ឡារី អាយុ៥០ឆ្នាំ និងទី២៖ឈ្មោះ កែវ វាសនា អាយុ២០ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀន២កញ្ចប់។
លោកវរសេនីយ៍ត្រី បន្ថែមថា ទីតាំងទី២៖ក្នុងស្រុកទឹកឈូ កម្លាំងនគរបាលខេត្តដឹកនាំដោយរូបលោកផ្ទាល់ និងមានការសម្របសម្រួល ពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ឃាត់ខ្លួនជនសង្ស័យ២នាក់ នៅចំណុចភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ដោយជនសង្ស័យទី១៖ឈ្មោះ សន លីនីន អាយុ៣០ឆ្នាំ និងទី២៖ឈ្មោះ សេង តាក់ អាយុ២៣ឆ្នាំ ដកហូត ថ្នាំញៀនប្រភេទម៉ាទឹកកក៦កញ្ចប់ និងសម្ភារៈមួយចំនួនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕