Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តបាត់ដំបង ចាប់ និងបញ្ជូនខ្លួន​ជនគ្រឿង​ញៀន៣នាក់ និងថ្នាំញៀន​១១៦គ្រាប់ ទៅតុលាការ

04-01-2017 15:41

(បាត់ដំបង)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបាតដំបង បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីបានចាប់ខ្លួននៅស្រុកមោងឬស្សី និងស្រុកកំរៀង នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ដោយដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា១១៦គ្រាប់ និងម្នាក់ទៀត រឹបអូស​បានម៉ាទឹកកក២កញ្ចប់។

លោក ស៊ាន សូណាល់ នាយការិយាល័យប្រឆាំងគ្រឿងញៀននគរបាលខេត្ត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧នៅចំណុចក្រុមទី៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង កម្លាំងជំនាញឃាត់ខ្លួនស្រ្តី២នាក់ ដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា១១៦គ្រាប់ ជនសង្ស័យទាំង២នាក់ ទី១៖ឈ្មោះ មុំ ច័ន្ធូ ហៅលីវ ភេទស្រី អាយុ៣១ឆ្នាំ និងទី២៖ឈ្មោះ ជុំ សុខនី ហៅយាយ៩១ ភេទស្រី អាយុ៥១ឆ្នាំ។

លោក ស៊ាន សូណាល់ បានបញ្ជាក់ថា នៅចំណុចភូមិប៉ោយពោធិ៍១ ឃុំគារ ស្រុកមោងឬស្សី នគរបាលឃាត់ខ្លួនជនសង្ស័យឈ្មោះ ដាំ វ៉ាន់ដេត ភេទប្រុស អាយុ៣១ឆ្នាំ ដកហូតបានម៉ាទឹកកក២កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង៣នេះ កម្លាំងនគរបាលបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ដ៕