(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា គណៈកម្មការទី៣ គ្រោងនឹងកោះហៅ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ ចូលបំភ្លឺនៅក្នុងរដ្ឋសភា នៅខែក្រោយនេះ។
ការអះអាងរបស់ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា បានធ្វើឡើងបន្ទាប់ពី គណៈកម្មការនេះ បានកោះហៅ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ នាវិមានរដ្ឋសភា។
លោក ប៉ុល ហំម បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «គណៈកម្មការទី៣ យើងមានក្រសួងប្រហែលជា៥ ឬ៦ ប្រហែលជាខែក្រោយអាចអញ្ជើញរដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍជនបទ សាកសួរពីវិស័យនានា ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងបញ្ហាសំខាន់ៗមួយចំនួនទៀត តែខ្ញុំសុំអនុញ្ញាតប្រជុំជាមួយសមាជិកផ្ទៃក្នុងរបស់កណៈកម្មការសិនដើម្បីសម្រេច»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលបំភ្លឺជូន គណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ុល ហំម តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹង បញ្ហាសំរាម និងបញ្ហាមួយចំនួនទៀត នៅក្នុងសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន៕