(ភ្នំពេញ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូលនៃក្រសួង ពាណិជ្ជកម្មសាខាកាំក្រុងត្រូល នៅទូទាំងប្រទេស បាននិង កំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួម ចំណែកលើការការពារសុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ មន្ត្រីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដំឡូងបំពង នាំចូលពីសហរដ្ឋអាមេរិក តាមផ្ទះ ម៉ាត នៅផ្សារច្បារអំពៅ និងផ្សារព្រែកឯង ក្នុងខណ្ឌច្បារអំពៅ។
មន្រ្តីសាខាកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ការចុះត្រួតពិនិត្យនេះ គឺផ្តោតទៅលើផលិត ផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ដែលបាននឹងកំពុងដាក់តាំងលក់នៅតាមបណ្តាផ្ទះ ក្នងមីនីម៉ាត ស្ថិតក្នុងសង្កាត់ច្បារអំពៅ ដោយបានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយចំនួន រួមមាន បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង ស្ពៃជ្រក់ ជាដើមតែ លទ្ធផលនៃការធ្វើ តេស្តបឋម គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ដូចជា Borax និងម្សៅស Sodium Hydrosulfite ឡើយ។
ជាមួយគ្នានោះ មន្រ្តីកាំកុងត្រូល កំពង់ផែអន្តរជាតិភ្នំពេញ ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់ឲ្យ បញ្ឈប់ការទិញ និងបោះចោល ផលិតផលដំឡូងបំពង «Flavored Potato Chip Products» ដោយសារតែក្រុមហ៊ុន របស់អាមេរិកមួយ បានបញ្ជាក់ថា គ្រឿងផ្សំនៃ ផលិតផលដំឡូងនេះ មានបាក់តេរីចម្លងចូល ដែលបណ្ដាលឲ្យមានជំងឺ ប្រព័ន្ធ រំលាយអាហារ និងគ្រុនពោះវៀនជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុមកាងារក៏ បានបិទផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលការបរិភោគ អាហារហួស កាលបរិច្ឆេទប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
មន្រ្តីកាំកុងត្រូល ក៏បានអប់រំ និងអំពាវនាវ ដល់អាជីវករ អ្នកលក់ដូរទាំងអស់ ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែ ទំនិញ ផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់ ៕