(ភ្នំពេញ)៖ លោក ប៉ុល ហំម ប្រធានគណៈកម្មការទី៣នៃរដ្ឋសភា និងជាតំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា ការបំភ្លឺរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានពាក់ព័ន្ធនឹងបញ្ហាសំរាម គឺខាងគណៈកម្មការរបស់លោក អាចទទួលយកបាន ប៉ុន្តែទោះជាយ៉ាងណា លោកថាគណៈកម្មការទី៣ នឹងបន្តតាមដានថែមទៀត ជុំវិញការងាររបស់ក្រសួងបរិស្ថាន។
ការលើកឡើងរបស់ លោក ប៉ុល ហំម បានធ្វើឡើងនៅចំពោះមុខក្រុមអ្នកសារព័ត៌មាន នៅឯវិមានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីគណៈកម្មការរបស់លោក បានស្តាប់ការបំភ្លឺពី លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
លោក ប៉ុល ហំម បានប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖ «យើងទទួលស្គាល់ថាជាការលំបាក យើងអាចទទួលយកបានខ្លះដែរ។ អ្វីដែលឯកឧត្តម (រដ្ឋមន្រ្តី)រាយការណ៍នេះ គឺយើងទទួលយកបាន ប៉ុន្តែវាស្ថិតនៅក្នុងការងារមួយរបស់គណៈកម្មការ(ទី៣) ដែលត្រូវតាមដានតទៅ នៅពេលខាងមុខ»។
លោក បានបន្ថែមថា តាមការសង្កេតរបស់គណៈកម្មការទី៣ ឃើញថាបញ្ហាសំរាមនៅតាមទីក្រុងនានា នៅមិនទាន់ល្អប្រសើរនៅឡើយទេ នៅទីក្រុងខ្លះនៅមិនស្អាត មានការគ្រប់គ្រងមិនទាន់បានល្អ។ ប៉ុន្តែទោះជាយ៉ាងណា លោកថា គណៈកម្មការទី៣ មិនមែនចោទរដ្ឋាភិបាលថាមិនបានធ្វើអ្វីនោះទេ លោកទទួលស្គាល់ថាមានការខិតខំប្រឹងប្រែងដែរ ប៉ុន្តែគ្រាន់តែមិនទាន់បានល្អ១០០ភាគរយតែប៉ុណ្ណោះ។
ចំពោះបញ្ហានេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្គាល់ថា បញ្ហាគ្រប់គ្រងសំរាមនៅកម្ពុជាមិនទាន់ល្អប្រសើរទាំងស្រុងទេ។ លោកអះអាងថា លោកនឹងខិតខំសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យកិច្ចការនេះល្អប្រសើរថែមទៀត។
លោកថ្លែងថា ចំពោះបញ្ហាសំរាមនេះ សូមកុំមានការបន្ទោសគ្នាទៅវិញទៅមក វាជាការងាររបស់ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ ហើយត្រូវធ្វើយ៉ាងណាឱ្យមានការចូលរួម សហការគ្នាដើម្បីឱ្យបានល្អប្រសើរ។ លោកបានបន្ថែមទៀតថា ការងារប្រមូលសំរាមនេះ ត្រូវធ្វើជាដំណាក់កាល ហើយពេលនេះ រដ្ឋាភិបាលក៏កំពុងតែបែងចែកភារកិច្ច និងថវិកាដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រងសំរាមឱ្យបានល្អផងដែរ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចូលបំភ្លឺជូនគណៈកម្មការទី៣ នៃរដ្ឋសភា ដែលដឹកនាំដោយ លោក ប៉ុល ហំម តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងបញ្ហាសំរាម និងបញ្ហាមួយចំនួនទៀត នៅក្នុងសមត្ថកិច្ចរបស់ក្រសួងបរិស្ថាន៕